ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៉ី ដោយសារជំងឺកូវីដ-១៩ សរុបជាង២០០នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ៥៖៣០នាទី។
ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើឡើងបន្ទាប់ពី លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូតម៉ាឡេស៉ីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីរៀបចំជើងហោះហើរជូនពួកគាត់។
ជើងយន្តហោះពាណិជ្ជកម្មនេះ មានអ្នកដំណើរចំនួន ២១១នាក់ ដែលក្នុងនោះប្រជាពលរដ្ឋខ្មែរ មានចំនួន២០៤ និងជនបរទេសចំនួន៧នាក់។
ដោយឡែកនៅថ្ងៃដដែល ជើងយន្តហោះនេះ ក៏បាន ដឹកយកប្រជាពលរដ្ឋម៉ាឡេស៉ីចំនួនជាង ១៦០នាក់ ត្រឡប់មកកាន់ប្រទេសម៉ាឡេស៉ីវិញផងដែរ។ នេះបើតាមការអះអាងរបស់ ក្រសួងការបរទេសកម្ពុជា និងស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។
លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ចំនួន២០៤នាក់ ត្រូវបាននាំយកទៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន្ត ហើយក្នុងករណីរកពុំឃើញមានវិជ្ជមានផ្ទុកជំងឺកូវីដ-១៩ទេ ក្រោយធ្វើតេស្តរួច ក្រសួងនឹងបញ្ជូនពួកគាត់ទៅតាមខេត្តរៀងៗខ្លួន ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានក្រសួងសុខាភិបាល ហើយអ្នកដំណើរមកដល់ទាំងអស់ អ្នកត្រូវឆ្លងកាត់ម៉ាស៊ីនស្កេនតាមដាន សីតុណ្ហភាពក្នុងខ្លួន ដើម្បីស្វែងរកវីរុសកូវីដ-១៩។
លោកស្រី រដ្ឋលេខាធិការ បានបន្តថា ប្រសិនបើអ្នកកំពុងត្រលប់មកពីតំបន់ណាមួយដែលមានមេរោគកូរ៉ូណា ឬក្នុងករណីអ្នកណាក្តៅខ្លួន ក្អក ពិបាកដកដង្ហើមក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីការធ្វើដំណើរត្រឡប់មកវិញ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់គ្រូពេទ្យ ឬ ទូរស័ព្ទទៅលេខ១១៥៕ដោយ៖សូរិយា