ព័ត៌មានទាន់ហេតុការណ៍៖

លោក ជួប ប៉ារីស៍ ដឹកនាំកិច្ចប្រជុំតាមអនឡាញផ្សព្វផ្សាយកម្មវិធីរេដបូកជាតិ និងការគ្រប់គ្រងសំណល់ប្លាស្ទិក

ចែករំលែក៖

ភ្នំពេញ៖ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ព.ស.២៥៦៤ ត្រូវថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ ព្រឹក នៅទីស្តីការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំតាមរយៈអនឡាញ Zoom Meeting ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ទាំង២៥ ក្នុងគោលបំណងពិភាក្សានិងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងកម្មវិធីរេដបូក (REDD+) និងការគ្រប់គ្រងសំណល់ប្លាស្ទិក។
លោក ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថាកម្មវិធីរេដបូក(REDD+) គឺជាយន្តការអន្តរជាតិមួយនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ។ លោកបានបង្ហាញលក្ខណៈវិទ្យាស្រ្តានៃកម្មវិធីនេះផ្តោតសំខាន់លើកោលដៅសំខាន់ចំនួន២ ដែលទី១ គឺជាយន្ដការមួយជួយការពារព្រៃឈើឱ្យបានគង់វង្ស ដើម្បីចាប់យកឧស្ម័នកាបូនិចពីបរិយាកាសទៅដាក់ក្នុងខ្លួនឯង បញ្ចេញវិញនូវឧស្ម័នអ៊ុកស៊ីសែន និងទឹកសម្រាប់ការរស់នៅរបស់មនុស្ស នោងទី២ គឺជួយអភិវឌ្ឍសហគមន៍ ជីវភាពសហគមន៍នៅក្នុងតំបន់ព្រៃឈើទាំងអស់នោះ ឱ្យមានជីវភាពល្អប្រសើរ ឱ្យពួកគាត់គេចចេញពីការបំផ្លាញព្រៃឈើ។ កន្លងមកកម្មវិធីរេដបូលបានអនុវត្តជោគជ័យនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងនៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃរតាតៃ។ ការលក់កាបូកក្នុងក្របខ័ណ្ឌគម្រោងរេដបូកនេះ ទទួលបានថវិកាប្រមាណជា១១,៥លានដុល្លារ ខណៈថវិកាស្ទើរតែទាំងស្រុងដែលបានមកនេះ ត្រូវបានបង្វែរទៅបម្រើការងារក្នុងតំបន់ការពារធម្មជាតិទំាងនោះវិញ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយចំណេះដឹងបរិស្ថានតាមប្រព័ន្ធអនឡាញនេះ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននិងមន្ត្រីនៃនាយកដ្ឋានអប់រំបរិស្ថាន បានធ្វើបទបង្ហាញស្ទីពី «ការគ្រប់គ្រងសំណល់ប្លាស្ទិក» ដើម្បីឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្ត បានយល់ដឹងបន្ថែមនិងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅនឹងមូលដ្ឋានរបស់គាត់ ជាពិសេសសិស្សានុសិស្ស អំពីផលប៉ះពាល់របស់សំណល់ប្លាស្ទិក និងវិធានការនៃការទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើអំពីប្លាស្ទិកផងដែរ៕

ដោយ៖សហការី


ចែករំលែក៖