ខេត្តប៉ៃលិន ៖ គោយន្តកន្ត្រៃ១គ្រឿងបានដឹកឈើបង្គោលរបងប្រហែល១០០ដើមចេញពីខេត្តសៀមរាប ដើរលក់ចែកចាយតាមដេប៉ូនៅស្រុកសំឡូត ខេត្តបាត់ដំបង លុះគេអត់ទិញ ក៏ដឹកហួសមកខេត្តប៉ៃលិន ស្រាប់តែត្រូវមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ៃលិនស្ទាក់ចាប់យកទៅបញ្ជាការដ្ឋានក្រុងប៉ៃលិន ដើម្បីសួរនាំ រកច្បាប់ទម្លាប់ ។
ហេតុការណ៍ចាប់ឃាត់គោយន្តកន្ត្រៃដឹកបង្គោលរបងនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅមុខហាងកាហ្វេ ដើមពុទ្រាក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់គោយន្តកន្ត្រៃ មាន ឈ្មោះ សឿ សារៀប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
បើតាមសម្ដីបុរសម្ចាស់គោយន្តកន្ត្រៃឈ្មោះ សឿ សារៀប បានឱ្យដឹងថា កាលពីមុនគាត់ធ្លាប់កាប់ឈើទាំងនេះ នៅក្នុងព្រៃតំបន់របស់ខ្លួន អត់មានការហាមឃាត់អ្វីទេ ។ គាត់បានបន្តទៀតថា ឈើបង្គោល ដែលគាត់កាប់យកលក់នេះមានតែដើមខ្លុងបុណ្ណោះដែលគាត់កាប់ពីចម្ការ រួចក៏ដឹកយកមកលក់គ្រប់ច្រកល្ហកដោយដឹកតាមផ្លូវ អ្នកខ្លះទិញយកទៅធ្វើ បង្គោលរបងនិងខ្លះទិញធ្វើសសរខ្យូសជាដើម និងខ្លះទៀតទិញដាក់ដេប៉ូទុកលក់បន្ត។
ដោយសារគាត់បើកបរដឹកឈើបង្គោលរបងនេះទៅលក់នៅស្រុកបរវេល អត់មានអ្នកទិញក៏ដឹកហួសមកលក់នៅខេត្តប៉ៃលិនស្រាប់តែត្រូវមន្រ្តីកងរាជអាវុធហត្ថក្រុងប៉ៃលិនម្នាក់ស្លៀកពាក់ស៊ីវីលបានមកស្ទាក់ចាប់ឃាត់គោយន្តកន្ត្រៃរបស់គាត់ធ្វើឲ្យ
ទាស់សម្ដីគ្នាភ្ញាក់ផ្អើលដល់មហាជនដែលកំពុងតែដើរតាមដងផ្លូវចោមរោមមើលគ្រប់គ្នា។
បុរសនេះបន្ថែមទៀតថាការដឹកបង្គោលរបងលក់តាមផ្លូវ គាត់ត្រូវបង់ជូនទៅខាងសមត្ថកិច្ចតាមផ្លូវ១ម៉ឺនទៅ២ម៉ឺនរៀលជាហូរហែលុះមកដល់ក្រុងប៉ៃលិនគាត់អត់ដឹងខ្លួនថាមានរឿងអ្វីកើតឡើងនោះទេស្រាប់តែមានមុខមន្រ្តីកងរាជអាវុធហត្ថស្លៀកពាក់ខោអាវស៊ីវិលម្នាក់បើកម៉ូតូមកឈប់ស្ទាក់ចាប់គោយន្តរបស់គាត់ ដោយមិនឃើញសហការជាមួយជំនាញណាមួយឡើយ។
រីឯលោក ហុង ដារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ៃលិនលោក ប្រាប់ថាការឃាត់គោយន្តកន្ត្រៃនិងម្ចាស់ខាងលើនេះ ខាងលោក សុំឱ្យគាត់ទៅសុំលិខិតស្នាម ពីមេភូមិ មកធានាអះអាងទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
លោក ហុង ដារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថា ការឃាត់គោយន្តកន្ត្រៃនេះ គឺសង្ស័យថាជាករណីបទល្មើសព្រៃឈើ ដោយគ្មានច្បាប់ត្រឹមត្រូវ។
លោកបន្តទៀតថាក្រោយពីបានសួរនាំរួចកម្លាំងកងរាជអាវុធហត្ថក្រុងប៉ៃលិននឹងធ្វើការអប់រំបុរសនេះឲ្យយល់ពីច្បាប់រួចទើបអនុញ្ញាតឱ្យដឹកទៅលក់បន្តទៀត ៕ដោយ៖ ស សារ៉េត