ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេង÷ ​ត្មាត​បោក​ដំរី​ស

ចែករំលែក៖

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ។ យប់​មួយ​ស្ដេច​ត្មាត​នោះ ដេក​ទៅ​យល់​សប្តិឃើញថា បាន​ចាប់​ស្ដេច​ដំរី​ស យក​មក​ស៊ី​ជា​អាហារ ។ លុះ​ភ្ញាក់​ឡើង​ក៏​ប្រើ​ពួក​ពល ឲ្យ​ហើរ​ទៅ​ហៅ​ស្ដេច​ដំរី​ស ។ ពួក​សេនា​រេហ៍ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​នៃ​ស្ដេច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​ស្ដេច​ដំរី​ស​ថា “អឺ​បង​ដំរី! ម្ចាស់​យើង​ឲ្យ​ហៅ​បង​ដំរី​ឯង​ទៅ​ឯ​លំនៅ​យើង​យ៉ាង​ឆាប់ ដោយ​ម្ចាស់​យើង​យល់​សប្តិថា “បាន​ស៊ី​សាច់​បង​ដំរី​ឯង” ។ ដំរី​ឮ​ដូច្នោះ ក៏​ភ័យ​ញាប់​ញ័រ​ឥត​ឧបមា យំ​បណ្ដើរ លា​ប្រពន្ធ​កូន​និង​ពល​សេនា​បណ្ដើរ ដើម្បី​ទៅ​តាម​ពល​ត្មាត​តាម​បញ្ជា​របស់​ស្ដេច​ត្មាត ។ លុះ​មក​ដល់​កណ្ដាល​ផ្លូវ បាន​ជួប​នឹង​សុភា​ទន្សាយ ៗ ក៏​សួរ​ទៅ​ស្ដេច​ដំរី​ថា “យើ ! បង​ដំរី​ទៅ​ណា​មក​ណា ក៏​រលះ​រលាំង​ថែម​ទាំង​យំ​សស្រាក់​យ៉ាង​នេះ ? ដំរី​ឆ្លើយ​ថា “ឱ​បង​សុភា​អើយ ! ស្ដេច​ត្មាត​គេ​យល់​សប្តិឃើញថា គេ​បាន​ស៊ី​សាច់​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​ទៅ​ឲ្យ​គេ​ស៊ី​ខ្ញុំ​ហើយ ” ។ ទន្សាយ​ឆ្លើយ​ថា “យី! បង​ដំរី រូប​ប៉ុន​បង​ឯង ម្ដេច​ក៏​សុខ​ចិត្ត​ទៅ​ឲ្យ​អា​សត្វ​ត្មាត​ស៊ី​ទទេ ៗ យ៉ាង​នេះ ចាំ​ខ្ញុំ​ទៅ​ជួយ​ដោះ​ទុក្ខបងឯង ឲ្យ​រួច​រស់​បាន” ។ ស្ដេច​ដំរី​បាន​ឮ​ទន្សាយ​ថា​ដូច្នោះ​មាន​ចិត្ត​ត្រេកអរ​ណាស់ ក៏​ហៅ​ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ខ្លួន ដើរ​សំដៅ​ទៅ​លំនៅ​ស្ដេច​ត្មាត ។ លុះ​ឃើញ​ដំរី​មក​ដល់​ហើយ ស្ដេច​ត្មាត​ញញឹម​ញញែម រួច​និយាយ​ទៅ​ថា “អឺ ! បង​ដំរី​មក​ដល់​ហើយ យើង​ត្រូវ​ស៊ី​បង​ឯង​ក្នុង​ថ្ងៃ​នេះ ព្រោះ​យើង​យល់​សប្តិឃើញថា បាន​ស៊ី​សាច់​បង​ឯង” ។ នៅ​ពេល​ដែល​ដំរី​ជួប​នឹង​ស្ដេច​ត្មាត​នោះ​ទន្សាយ​ធ្វើ​ពុត​ជា​ដេក​លក់​នៅ​លើ​ខ្នង​ដំរី ។ ស្ដេច​ត្មាត​ក៏​ស្រែក​ទៅ​កាន់​ទន្សាយ​ថា “នែ ! បង​សុភា មក​ដេក​អី​លើ​ខ្នង​ដំរី​ដូច្នេះ ? ចុះ​ចេញ​ឲ្យ​ឆាប់​យើង​នឹង​ស៊ី​ដំរី​ឥឡូវ​នេះ ។ ទន្សាយ​ឆ្លើយ​ថា “ ឈប់ ៗ ! កុំ​អាល​សិន ! បង​និយាយ​ជា​មួយ​ដំរី​ដូច​ម្ដេច​ខ្លះ អម្បាញ់មិញ​យើង​មិន​បាន​ស្ដាប់​ព្រោះ​រវល់​តែ​ងងុយ​ដេក​ពេក ” ស្ដេច​ត្មាត​ឆ្លើយ​ថា “យើង​យល់​សប្តិឃើញថាស៊ីសាច់ដំរីស” ។ ទន្សាយ​ថា ” អឺ ! មែន​ហើយ​អម្បាញ់មិញ ខ្ញុំ​ដេក​លក់​មួយ​ភាំង យល់​សប្តិថា “បាន​ស្រឡាញ់​ប្រពន្ធ​ស្ដេច​ត្មាត​ឯង” ។ ស្ដេច​ត្មាត​ឆ្លើយ​ថា “យើ ! បង​សុភា ! យើង​មិន​ត្រូវ​ការ​ឲ្យ​ប្រពន្ធ​យើង​ទៅ​បង​សុភា​ឯង​ទេ” ។ ទន្សាយ​ថា “បើ​បង​ឯង​មិន​ឲ្យ ការ​យល់​សប្តិរបស់បងត្មាតឯងក៏ឥតបានការអ្វីដែរ ដំរី​ក៏​ខ្ញុំ​មិន​ឲ្យ​បង​ត្មាត​ឯងស៊ី​ដូច​គ្នា” ។ ត្មាត​ក៏​ខាន​បាន​ស៊ី​សាច់​ដំរី ដោយ​ចាញ់​កល​ឧបាយ​សុភាទន្សាយ ។ បន្ទាប់មកដំរី​ស​ក៏​វិល​ទៅ​លំនៅ​ខ្លួន​វិញ​ទៅ ។ ទន្សាយ​ក៏​បោល​ចូល​ព្រៃ​បាត់​ដែរ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ដោយ៖ប្រាថ្នា


ចែករំលែក៖