ព័ត៌មានទាន់ហេតុការណ៍៖

បុរស ២នាក់សម្រេចធ្វើអត្តឃាត ក្នុងថ្ងៃតែមួយដូចណាត់គ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរស២នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចង.កដូចណាត់គ្នា ដែលករណីនេះគេសង្ស័យអាចបណ្ដាលមកពី ញៀនស្រារហូតមានជំងឺសរសៃប្រសាទ និងបែកថ្នាំ ។

នគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីធ្វើអត្តឃាត(ចង.ក) ដោយបុរសឈ្មោះ វិត វុន អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានយកខ្សែក្រណាត់ប្រវែងប្រមាណជាងមួយម៉ែត្រ ពណ៌ខៀវ ចងជាមួយមែកដើមឈើប្រភេទប្រណិត(បេង) នៅខាងក្រោយផ្ទះរបស់ជនរងគ្រោះ ខណៈដែលជនរងគ្រោះរូបនេះគេដឹងថា គាត់ជាមនុស្សញៀនស្រារហូតមានជំងឺសរសៃប្រសាទទៅហើយ ។

ដោយឡែក៖ នៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃដដែល ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ឯនេះវិញ ក៏មានករណីអត្តឃាត(ចង.ក)ផងដែរ ដោយបុរសឈ្មោះ ហ៊ុត គឹង អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ បានយកក្រម៉ាប្រវែងប្រមាណជាងមួយម៉ែត្រ ពណ៌ក្រហម ចងជាមួយផ្ទោងលើផ្ទះ ខណៈដែលគេដឹងថាជនរងគ្រោះរូបនេះ ប្រើប្រាស់គឿងញៀន(បែកថ្នាំ) នេះបើតាមការបញ្ជាក់ពីលោក វរៈសេនីយ៍ត្រី ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច ។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកដែលបានទៅដល់កន្លែងកើតហេតុបន្តថា ករណីអត្តឃាត(ចង.ក)ខាងលើ បានសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖