នៅថ្ងៃទី២០ខែមិថុនា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានបោះពុម្ពខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងជាច្រើន ត្រៀមផ្សព្វផ្សាយនៅតាមព្រំដែន ដែលជាការសងសឹកទៅលើកូរ៉េខាងត្បូង ដែលបានបង្ហោះខិត្តប័ណ្ណ ចូលទឹកដីកូរ៉េខាងជើងបំពានកិច្ចព្រមព្រៀង។
តាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ នៅថ្ងៃទី ២០ ខែមិថុនាបានផ្សាយថា កូរ៉េខាងជើងបានបោះពុម្ពខិត្តប័ណ្ណជាច្រើនដើម្បីបង្ហោះទៅកាន់កូរ៉េខាងត្បូង ប្រឆាំងនឹងប្រទេសនេះវិញម្តង។
ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងថែមទៀត ក្រោយប្រទេសទាំងពីរមិនព្រមបន្ធូរបន្ថយ ស្ថានភាព ។ ជាមួយគ្នានេះដែរ អាមេរិកបានធ្វើឲ្យស្ថានភាពកាន់តែតានតឹងក្រោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកបង្ហាញខ្លួននៅជិតឧបទ្វីបកូរ៉េ។
អាមេរិក បញ្ជូនយន្តហោះពីរគ្រឿងប្រភេទ B-52H ហោះហើរឆ្លងកាត់ព្រំដែនកូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹង។
តាមគេហទំព័រ Aircraft Spots យន្តហោះទម្លាក់គ្រាប់ប្រភេទ B-52H បានហោះហើរឆ្លងកាត់តំបន់ភាគខាងជើង ប្រទេសជប៉ុន កាលពីថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីយន្តហោះខាងលើនោះឡើយ។ នេះជាលើកទី២ហើយដែលយន្តហោះនេះបានហោះហើរជិតព្រំដែនកូរ៉េទាំងពីរ ក្នុងសប្តាហ៍នេះ។
ចំណែកកម្លាំងទាហានអាកាសអាមេរិកប្រចាំនៅអាស៊ីប៉ាសុីហ្វិក បានឲ្យដឹងថា យន្តហោះ២គ្រឿងប្រភេទ B-52H បានចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជប៉ុន កាលពីថ្ងៃទី១៧ ខែមិថុនា ។
អាមេរិកបានបញ្ជូនយន្តហោះទមា្លក់គ្រាប់បែកមកកាន់ឧបទ្វីបកូរ៉េក្នុងពេលដែល កូរ៉េខាងជើង គំរាម តបតកូរ៉េខាងត្បូង ដែលមិនអាចទប់ស្កាត់ការបង្ហោះសារប្រឆាំងកូរ៉េខាងជើង។ ចំណុចទាំងនោះហើយបានជាកូរ៉េខាងជើងកាត់ផ្តាច់ទំនាក់ទំនង ហើយបំផ្ទុះ ការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរចោលទៀតផង៕
ដោយ៖ធី រីណា