ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះប្រដាប់អាវុធនៅប្រទេសលីប៊ីនៅតែបន្ត បើទោះបីករណីឆ្លងជំងឺ COVID-19 កើនឡើងក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ យោងតាមរបាយការណ៍ពីករណីឆ្លង COVID-19 របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសលីប៊ី នៅថ្ងៃសៅរ៍ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីសរុបកើនដល់ ចំនួន៥២០ករណីប៉ុន្តែជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែបន្តឥតឈប់ឈរ ទោះបីជាអង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាច្រើនដង ឲ្យមានការផ្អាកសង្គ្រាមសិនក៏ដោយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់ចេញផ្សាយនាព្រឹកថ្ងៃសៅរ៍នេះក្នុងសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសលីប៊ី ថា បានទទួលយកសំណាកអ្នកសង្ស័យថាមានផ្ទុក COVID-19 ចំនួន៨២៥នាក់ទៅធ្វើតេស្ត ក្នុងចំណោមនោះ ៨១០នាក់ចេញលទ្ធផលអវិជ្ជមាននិង ១០នាក់វិជ្ជមាន។ ស្របពេលដែលអ្នកជំងឺពីរអ្នកបន្ថែមបានជាសះស្បើយ មជ្ឈមណ្ឌលខាងលើបានបញ្ជាក់ថាអ្នកជាសះស្បើយសរុបកើនដល់ ៨៣នាក់ និងចំនួនអ្នកស្លាប់សរុបមាន ១០នាក់។

ដោយឡែកក្រុមមន្ត្រីលីប៊ី បានបញ្ជាក់ថា ប្រទេសនេះបាននឹងកំពុងចាត់វិធានការមួយចំនួន ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 រួមមានការបិទសាលារៀន វិហារសាសនា ការហាមឃាត់មិនឲ្យមានការជួបជុំនៅទីសាធារណៈ បិទចក្រព្រំដែន និង ការរឹតត្បិតក្នុងការធ្វើដំណើរក្នុងប្រទេស។

សូមជម្រាបថា ប្រទេសលីប៊ី បានរាយការណ៍ពីករណីឆ្លង COVID-19 ដំបូងបង្អស់នៅក្នុងខែមីនា និងករណីស្លាប់ដំបូងនៅក្នុងខែមេសា៕ដោយ៖សតារា


ចែករំលែក៖