ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសអាមេរិក បាញ់សម្លាប់សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ខណៈដែលខ្លួនបង្ហាញកាំភ្លើង​ដាក់ប៉ូលិស មុនរត់គេចខ្លួនទាំងស្លន់ស្លោ

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន The Sun របស់អាមេរិក នៅព្រឹកថ្ងៃសៅរ៍ ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ក្រុមមន្ត្រីប៉ូលិសនៅក្នុងទីក្រុងឡូសអាន់ជែឡេស (Los Angeles) បានបាញ់សម្លាប់ យុវជនម្នាក់ដែលជាសនិ្តសុខយាមហ្គារ៉ាស់រថយន្ដ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបន្ទាប់ពីរូបគេបង្ហាញកាំភ្លើងដាក់ប៉ូលិស និងរត់គេចចេញពីប៉ូលិសដោយសារតែការភ័យខ្លាច

យុវជនខាងលើដែលត្រូវប៉ូលិសបាញ់សម្លាប់នោះមានឈ្មោះថា អាន់ដ្រេសហ្គាដាដូ (Andres Guardado) អាយុ១៨ឆ្នាំ សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ហើយមុនហេតុការណ៍បានកើតឡើងនៅពេល Guardado ឃើញមន្ត្រីល្បាតនៅក្នុងតំបន់ ស្រាប់តែយុវជនរូបនេះបង្ហាញកាំភ្លើងរបស់ខ្លួនដាក់ប៉ូលិសមុនរត់គេចខ្លួនទាំងស្លន់ស្លោ។ ក្រុមមន្ត្រីប៉ូលិសបានដេញតាមពីក្រោយ ហើយនៅពេលនោះដែរ ប្រហែលជាម៉ោង ៦និង០០នាទីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប៉ូលិសម្នាក់បានបាញ់សម្លាប់ Guardado តែម្ដង។ប៉ុន្តែមូលហេតុនៃការបាញ់សម្លាប់យុវជន Guardado មិនទាន់មានការបញ្ជាក់លម្អិតឱ្យច្បាស់នោះទេ ខណៈក្រុមគ្រួសារយុវជនរូបនេះ និងម្ចាស់ហ្គារ៉ាស់រថយន្ដស្នើឱ្យប៉ូលិសពន្យល់ពីហេតុផលដែលឈានដល់ការបាញ់សម្លាប់នេះ។

គួរបញ្ជាក់ថា ការបាញ់សម្លាប់យុវជន Andres Guardado កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងបាតុកម្មប្រឆាំងអំពើឃោរឃៅប្រព្រឹត្តដោយប៉ូលិស និងការរើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ បន្ទាប់ពី George Floyd ត្រូវបានប៉ូលិសម្នាក់យកជង្គង់សង្កត់ករហូតដល់ស្លាប់កាលពីចុងខែឧសភា កន្លងទៅ៕ដោយ៖សតារា


ចែករំលែក៖