អន្តរជាតិ៖ លោក Obadiah Moyo រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋស៊ីមបាវ៉េត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនា ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយលើការចុះកង់ត្រាទិញបរិក្ខារពេទ្យទំហំទឹកប្រាក់ជិត៦០លានដុល្លារ។ កាសែតក្នុងស្រុកស៊ីមបាវ៉េមួយ ឈ្មោះថាDaily News ចុះផ្សាយបែបនេះ ដោយដកស្រង់ចុះផ្សាយដោយ Reuters ។
បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីមបាវ៉េ បាននិយាយថារឿងហេតុរហូតដល់ថ្នាក់ចាប់ខ្លួនប្រមុខសុខាភិបាលស៊ីមបាវ៉េនេះកើតឡើងក្រោយពីអ្នកតំណាងចែកចាយក្នុងស្រុករបស់ក្រុមហ៊ុនលក់ថ្នាំពេទ្យអន្តរជាតិមួយ ឈ្មោះថា Drax International លោក Delish Nguwaya ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងកុងត្រាតម្លៃរាប់លានដុល្លារនេះ។ក្រុមហ៊ុនអន្តរជាតិនេះគឺជាអ្នកផ្គត់ផ្គង់បរិក្ខារពេទ្យដល់រដ្ឋាភិបាល ។
យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Reuters ពុំទាន់អាចសុំការបញ្ជាក់ពីចាប់ខ្លួននេះពីសំណាក់អាជ្ញាធរក្រុងហារ៉ារ៉េបាននោះឡើយ។ ប៉ុន្តែលើសពីនេះទៅទៀតកាសែតខាងលើ បញ្ជាក់ថា បណ្ដាញព័ត៌មានស៊ីមបាវ៉េ និងអាហ្វ្រិកខាងត្បូងដទៃទៀត ក៏បានរាយការណ៍ពីការចាប់ខ្លួននេះផងដែរ ។
សូមជម្រាបថា ចាប់ពីពេលនោះមក ប្រធានាធិបតី Emmerson Mnangagwa ដែលបានកាន់តំណែងបន្តពីអតីតមេដឹកនាំផ្ដាច់ការ Robert Mugabe ក្រោយរដ្ឋប្រហារឆ្នាំ២០១៧ បានសម្រេចលុបចោលកិច្ចព្រមព្រៀងទិញសម្ភារពេទ្យនេះវិញ។
គួរបញ្ជាក់ថា បន្ថែមពីលើជំងឺ COVID-19 ដ៏កាចសាហាវដែលចម្លងមនុស្សជិត៥០០នាក់ និងស្លាប់៤នាក់ នៅប្រទេសក្នុងតំបន់អាហ្វ្រិក ស៊ីមបាវ៉េ កំពុងប្រឈមវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតក្នុងពេលជាង១០ឆ្នាំចុងក្រោយ ហើយនេះកំពុងធ្វើឲ្យពលរដ្ឋឆេះកំហឹងកាន់តែខ្លាំងរឿងពុករលួយស៊ីរូងក្នុងរបស់រដ្ឋាភិបាលនេះ៕ដោយ៖ស តារា