ភ្នំពេញ៖ តារាសម្តែង និងចម្រៀង អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ នាងថ្លែងអំណរគុណចំពោះប្រមុខរដ្ឋាភិបាលដែលបានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែររស់នៅក្រៅប្រទេសទាំងអស់អាចធ្វើដំណើរមកទឹកដីកំណើតដែលជាឱកាសឲ្យស្វាមីនាងអាចធ្វើដំណើរមកមើលថែនាងគ្រាពរពោះជិតគ្រប់ខែហើយនោះ។
បើមិនមានការប្រែប្រួលទេអតីតតារាសម្តែង អ៊ុន អាលីហ្សាគ្រោងសម្រាលកូនស្រីដំណក់ឈាមដំបូងរបស់នាងនិងស្វាមីនៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយស្វាមីនាងក៏អាចមានឱកាសធ្វើដំណើរពីសហរដ្ឋអាមេរិកមកមើលថែនាងនៅក្នុងអំឡុងខែកក្កដាខាងមុខនេះ។កូនស្រីនាងមានឈ្មោះរួចរាល់ហើយគឺឈ្មោះ ជេនណាលី សូ ដែលនាងលើកឡើងថានាងមានសុខភាពល្អ។
នាងបញ្ជាក់ថា ព្រោះតែស្ថានភាពជំងឺកូវីដ-១៩ដែលរីករាលដាលនៅលើពិភពលោក នាងបានពន្យារពេលចេញទៅរស់នៅជាមួយស្វាមីដែលរៀបការបានមួយឆ្នាំមកហើយនោះ។ ទោះជាយ៉ាងណានាងរំភើបក្រោយទទួលបានដំណឹងថារដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រជាជនខ្មែរដែលរស់នៅទូទាំងពិភពលោកអាចធ្វើដំណើរមកកាន់ទឹកដីកំណើតបានធម្មតាដោយមិនចាំបាច់មានប្រាក់តំកល់ទុក។ តារាស្រីរូបនេះបញ្ជាក់ថានាង ស្វាមីក៏ដូចជាប្រជាជនខ្មែរទាំងអស់ពិតជាសប្បាយចិត្តក្រោយពីទទួលបានដំណឹងនេះ ហើយនាងពិតជាអរគុណសម្តេច តេជោ ហ៊ុន សែន ដែលតែងយល់ពីសុខទុក្ខរបស់ប្រជាជនខ្មែរបើទោះបីជាពួកគាត់មិនរស់នៅទឹកដីកំណើតក្តី។
គួរបញ្ជាក់ដែរថា គម្រប់ខួប១ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់តារាសម្តែង និងបង្ហាញម៉ូត អ៊ុន អាលីហ្សា និងស្វាមី នាងក៏បានបញ្ចេញរូបថតពរពោះជាច្រើនសន្លឹក និងបញ្ជាក់ពីចំណងស្នេហ៍ដ៏ផ្អែមល្ហែម និងរឹងមាំរបស់នាង៕ ដោយ៖ វឌ្ឍនា