និទានពីព្រេងមកថាកថា មានមន្ត្រីធំម្នាក់2 ជាអ្នកបម្រើស្ដេច នៅនគរពារាណសី ។ ព្រះមហាក្សត្រិយ៍ ស្ដេចទ្រង់ប្រើនាម៉ឺននោះ ឲ្យដើរត្រួតត្រាមើលស្រុកទេសជនបទក្នុងព្រះនគរ ព្រោះប្រជាជនចេះតែបះបោរ ។ មន្ត្រីនោះ ក៏នាំសេនាទាហានចេញទៅដល់ភូមិមួយ នៅស្រុកក្រៅ ។ នៅភូមិនោះ មានជនម្នាក់មាននាមគោត្រមិនប្រាកដ មានកូនក្រមុំមួយល្អ ស័ក្ដិសមណាស់ ។ នាម៉ឺនបានឃើញ មានចិត្តស្រឡាញ់ដោយស្មោះត្រង់ ក៏តាមចូលទៅដល់ផ្ទះឪពុកម្ដាយនាងនោះ ។ ទាំងពីរនាក់ប្ដីប្រពន្ធ កាលបើឃើញភ្លាម ក៏មានសេចក្ដីកោតខ្លាច ចុះមកអញ្ជើញនាម៉ឺនធំនោះឡើងផ្ទះ រៀបភោជនាហារជូនគួរសមតាមរបៀប ។ មន្ត្រីនោះសួរថា “កូនក្រមុំពូមីងមានប្ដីហើយឬនៅឡើយទេ ?” ។ ឪពុកម្ដាយនាងក្រមុំជម្រាបថា “មិនទាន់មាននៅឡើយទេលោក !” ។ នាម៉ឺននោះ ក៏ប្រាប់ដោយត្រង់ថា “ខ្ញុំស្រឡាញ់នាង ចង់បាននាងជាប្រពន្ធតែវេលានេះ ខ្ញុំរវល់នឹងទៅត្រួតត្រាស្រុកភូមិ, ខ្ញុំសុំទុកមាស ៣ តម្លឹង បញ្ចាំចិត្តនាងសិន, សន្យា ៣ ខែទៀត នឹងត្រឡប់មករៀបចំការតាមរបៀបស្រុកភូមិវិញ ជាមិនខាន ។ នាម៉ឺននោះ ត្រឡប់ទៅដល់ទីក្រុងវិញ ចេះតែមានធុរៈរវល់យូរទៅៗ កន្លងហួសដល់ទៅ ៣ ឆ្នាំ មិនបានទៅរៀបការតាមសន្យា ។
និយាយពីជនកំលោះម្នាក់ ដែលនៅស្រុកភូមិជាមួយនឹងនាងស្ត្រីនោះ ហេតុតែកម្មពីអតីតតាមមកឲ្យវិនាសបង់ជីវិត ក៏បណ្ដាលឲ្យនឹកស្រឡាញ់តែស្រីដែលនាម៉ឺនបញ្ចាំមាសនោះ ទៅជាក្រហល់ក្រហាយ ដេកមិនលក់បក់មិនរហើយ បាយមិននឹក ទឹកមិនស្រេក ។ ឪពុកម្ដាយបុរសនោះ ក៏ភិតភ័យ ស្មានថាកូនមានជំងឺ ក៏ទៅបបោសអង្អែលលួងលោមសួរកូនថា “មាសថ្លៃអើយ ! អ្នកឈឺអ្វីដូច្នេះ ?” ។ បុរសជាកូនប្រាប់ថា “គ្មានឈឺអ្វីទេ ! ប៉ុន្តែគិតស្រឡាញ់នាងដែលនាម៉ឺនប្រចាំមាសខ្លាំងណាស់ ! បើពុក និងម៉ែមិនទៅដណ្ដឹងឲ្យទេ ខ្ញុំនឹងសម្លាប់ខ្លួនហើយ ! មិនដឹងជារស់នៅបានការអ្វីទេ !” ។ ឪពុកម្ដាយប្រាប់ទៅកូនថា “មាសម្ដាយអើយ ! ម្ដាយមិនហ៊ានទេ ! ព្រោះនាងនោះគេភ្ជាប់មាត់ភ្ជាប់ពាក្យនឹងនាម៉ឺនទៅហើយ, តែដឹងទៅដល់គេ ក្រែងយើងមិនបានសុខ” ។ បុរសជាកូនឆ្លើយថា “ពីដើម នាងនោះជាប់សម្ដីនឹងគេមែន តែឥឡូវនេះ លោកនាម៉ឺននោះមិនឃើញត្រឡប់មកវិញទេ ថែមទាំងហួសកិច្ចសន្យាផង បើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំនឹងសម្លាប់ខ្លួនចោលហើយ” ។
ម្ដាយឮដូច្នោះ ក៏ព្រមទៅដណ្ដឹងនាងនោះ ។ លុះទៅដល់ហើយ ឪពុកម្ដាយខាងស្រី ក៏និយាយបូរបត់ប្រាប់ តាមដំណើរសព្វគ្រប់ ប៉ុន្តែពិគ្រោះគ្នាមើលទៅ ឪពុកម្ដាយខាងស្រី ក៏គិតថា “លោកនាម៉ឺននោះច្បាស់ជាអស់រវល់នឹកនាមកកូនយើងហើយ ព្រោះសន្យាតែត្រឹម ៣ ខែ ឥឡូវហួសកំណត់ដល់ទៅ ៣ ឆ្នាំ មិនឃើញមក, យើងនឹងទុកកូនចាំយូរទៅៗ ក្រែងឥតអំពើ, កូនយើង ក៏កាន់តែចាស់ខែឆ្នាំ, ណ្ហើយ ! ឆ្លើយព្រមឲ្យទៅអ្នកដែលមកដណ្ដឹងក្រោយនេះទៅចុះ !” ហើយក៏មូលមាត់សន្យាគ្នាថា “យើងប្រញាប់រៀបការទៅ ! រួចយើងប្រែឈ្មោះជាថ្មី ហើយចែកទ្រព្យសម្បត្តិ ឲ្យវានាំប្ដីប្រពន្ធទៅនៅស្រុកដទៃទៀតទៅ! បើប្រសិនជាលោកនាម៉ឺនមករកវិញ យើងនឹងភូតថា កូនយើងរត់តាមប្រុសបាត់ទៅហើយ មិនដឹងជាទៅនៅទីណាទេ ! បើលោកនាម៉ឺនយកទោសយើងៗ សុំអង្វរតាមបន្ទាល់ទៅ ដ្បិតយើងចាស់ជរាហើយ” ។
ខណៈនោះ ជាទេសកាលអ្វី ទៅបណ្ដាលចិត្តមន្ត្រីនោះ ឲ្យនឹកឃើញនាង ដែលបញ្ចាំមាស ៣ តម្លឹង, អន្ទះអន្ទែងរសាប់រសល់នៅពុំសុខ ក៏ឡើងទៅទូលព្រះមហាក្សត្រិយ៍ សុំសេនាទាហានចេញទៅត្រួតត្រាស្រុកក្រៅ ។ ព្រះមហាក្សត្រិយ៍ ក៏បើកឲ្យទៅ ។
លុះទៅដល់ស្រុកនោះ ជួននឹងថ្ងៃដែលកំពុងសំពះការ, នាម៉ឺននោះសួរថា “អ្នកស្រុកគេធ្វើបុណ្យអ្វីទើបមានមនុស្សអ៊ូអែ” ។ មានជនម្នាក់នៅស្រុកនោះ ជាអ្នកចង់យកគាប់គួរ និយាយឡើងថា “អ្នកនាងដែលលោកម្ចាស់ដណ្ដឹងបញ្ចាំមាស ៣ តម្លឹង ឥឡូវ គេឲ្យមានប្ដីហើយ កំពុងតែសំពះការ ទើបបានជាមានភ្ញៀវមកឈូឆរដូច្នេះ” ។ នាម៉ឺននោះនឹកខឹង ក៏ស្ទុះឡើងទៅលើផ្ទះ ចាប់ទាញដៃនាងនោះមក ហើយហូតដាវសម្រាប់ប្រុសនោះ នៅនឹងកន្លែងសំពះការ ។ ឈាម ក៏បាញ់រាយរាចប្រឡាក់ពេញផ្ទះ, បណ្ដាជនដែលមករៀបការ ក៏ភ័យ ផ្អើល ភ្លូករត់ចូលព្រៃផ្សៃអស់ ។ នាម៉ឺនក៏នាំនាងត្រឡប់ចូលមកកន្លែងរៀបការវិញ ។
ចំណែកឪពុកម្ដាយនាង ព្រមទាំងញាតិសាលោហិត ភ័យខ្មៅមុខគ្រប់គ្នា ក៏ទៅអញ្ជើញព្រាហ្មណ៍ព្រឹទ្ធាចារ្យដែលចេះមន្ត ឲ្យមកសូធ្យបាចទឹករម្ងាប់ចង្រៃខ្មោចដែលស្លាប់លើផ្ទះ ត្រង់កន្លែងសំពះការនោះ ហើយសារកន្ទេលចោលទៅ ។
លុះតំណក្រោយៗ មក មានព្រាហ្មណ៍ព្រឹទ្ធាចារ្យ ៣ នាក់ នៅក្នុងស្រុកពារាណសីជំនុំគ្នាថា “ដាវ ជាគ្រឿងសហ័សឈ្នះមារសត្រូវ ដូចជានាម៉ឺនធំនោះ មិនគិតអី គឺដោយឫទ្ធិដាវនេះហើយ ទើបដណ្ដើមយកប្រពន្ធបានមក” ទើបនាំគ្នានិយមដាក់ដាវឲ្យកាន់សំពះការ តាំងពីពេលនោះជាប់ដរាបមក ។
ហេតុនេះឯងហើយ ទើបបានជាខ្មែរយើងនិយមឲ្យដាក់ដាវផ្ទឹមការ ហើយមានពិធីរាំសាកន្ទេល ជាប្រពៃណីរៀងរាបមកដល់សព្វថ្ងៃនេះ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)