ព័ត៌មានទាន់ហេតុការណ៍៖

នាយទាហានតាមច្រកព្រំដែនកម្ពុជា-ថៃ របស់អគ្គបញ្ជាការ បានផ្ទេរ-ប្រគល់មកចំណុះយោធភូមិភាគទី៥ កងទ័ពជើងគោក

ចែករំលែក៖

ខេត្តបន្ទាយ​មានជ័យ៖នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការយោធភូមិភាគទី៥ បានប្រារព្ធធ្វើពិធី ផ្ទេរ-ប្រគល់ សមាសភាពនាយទាហាន តាមបណ្ដាច្រកព្រំដែន កម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ ដែលពីមុនគ្រប់គ្រងដោយអគ្គបញ្ជាការ ឥឡូវមកឱ្យចំណុះយោធភូមិភាគទី៥ កងទ័ពជើងគោកវិញ។

 ពិធីផ្ទេរ-ប្រគល់នេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ហើយក៏មានការអញ្ជើញចូលរួមពី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារ អគ្គបញ្ជាការ នាយសេនាធិការង នាយការិយាល័យព្រំដែន និងប្រធានក្រុមការងារកងទ័ពជើងគោក ព្រមជាមួយ អស់លោក អនុប្រធាន សមាជិកក្រុមការងារ អគ្គបញ្ជាការ  ក្រុមការងារកងទ័ពជើងគោក មេបញ្ជាការរង នាយសេនាធិការរង និងនាយទាហាន បណ្តា ស្ថាប័នពាក់ព័ន្ធក្នុងអង្គភាពចំណុះ យោធភូមិភាគទី៥ ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តាំផ្ញើដល់នាយទាហានដែលទើបតែផ្ទេរចូលមកយោធភូមិភាគទី៥ កងទ័ពជើងគោក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងអនុវត្តឲ្យបានរាល់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រមដែលប្រគល់ជូនក្នុងបុព្វហេតុរក្សាការពារឱ្យបាននូវស្ថិរភាព សន្តិសុខ និងសន្តិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយប្រែក្លាយឱ្យទៅជាព្រំដែនដែលមាន សន្តិភាព និងការអភិវឌ្ឍ ៕

ដោយ៖ហេង សូរិយា


ចែករំលែក៖