ព័ត៌មានទាន់ហេតុការណ៍៖

ជាការពិតឬ ដែលថាមេដឹកនាំ គីម ជុងអ៊ុន មានទ្រព្យសម្បត្តិដល់ទៅ៥ពាន់លានដុល្លារ

ចែករំលែក៖

កូរ៉េខាងជើងជាប្រទេសអាថ៌កំបាំងបំផុតនៅលើពិភពលោក ហើយរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំប្រទេសនេះ មិនមានអ្នកណាដឹងឡើយប្រសិនបើសារព័ត៌មានក្នុងស្រុកមិនផ្សព្វផ្សាយទេនោះ។ គ្រាន់តែលោកគីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ក៏មានពាក្យចចាមអារ៉ាមថា លោកត្រូវវះកាត់បេះដូងដែរ។ ប៉ុន្តែថ្ងៃក្រោយមកលោកក៏បានបង្ហាញខ្លួនវិញ។
ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់មេដឹកនាំ គីម ជុងអ៊ុន គឺកាន់តែអាថ៌កំបាំងថែមទៀត ពិសេសគឺទ្រព្យសម្បត្តិរបស់លោកមានចំនួនប៉ុន្មាន ? អំពីតួលេខជាក់លាក់ណាមួយនោះគឺមិនមានអ្នកណាដឹងឡើយ គ្រាន់តែដឹងតាមការវាយតម្លៃនិងសន្និដ្ឋានប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់មេដឹកនាំ គីម ជុងអ៊ុន គេហទំព័រ Wealthygorilla បានឲ្យដឹងថា ក្នុងចំណោមមេដឹកនាំនៅលើពិភពលោកទាំងអស់ គឺលោក គីម ជុងអ៊ុន មានទ្រព្យសម្បត្ដិច្រើនបំផុតលំដាប់ទី១៦ គិតត្រឹមឆ្នាំ២០២០នេះ។ តាមការប៉ាន់ប្រមាណមេដឹកនាំកូរ៉េខាងជើង មានទ្រព្យសម្បត្ដិ រហូតដល់ទៅ៥ពាន់លានដុល្លារអាមេរិក។
លោក គីម ជុងអ៊ុន កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨២ ហើយលោកបានទៅសិក្សានៅក្នុងប្រទេសស្វុីស។ លោក គីម ជុងអ៊ុន ក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១១ និងជាមេបក្សពលករកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១២មក។ លោក គីម ជុងអ៊ុន ជាកូនទី២របស់លោក គីម ជុងអុីល ដែលជាមេដឹកនាំកំពូលទី២របស់កូរ៉េខាងជើង ឡើងកាន់តំណែង ចន្លោះពីឆ្នាំ១៩៩៤ដល់២០១១។
ចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេសកូរ៉េខាងជើងនោះមក លោក គីម ជុងអ៊ុន បានបន្ដគោលនយោបាយរបស់ជីតា និងឪពុករបស់លោក ប្រឆាំងនឹងលោកខាងលិច ៕ដោយ៖ធី រីណា


ចែករំលែក៖