ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់នៅអមសងខាងផ្លូវលេខ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលកួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិយាកាស។ការដាំដើមឈើលម្អផ្លូវត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវក្នុងការចូលរួមដាំ មើលថែ និងថែទាំឱ្យដើមឈើលូតលាស់បានល្អផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយមន្ដ្រីមកពីមន្ទីរកសិកម្ម និងមន្ដ្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃអង្គារ៣កើត ខែអាសាឍឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញមានបំណងដាំដើមឈើមិនត្រឹមតែបានលើកសោភណភាពរាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងមានពណ៌បៃតងប៉ុណ្ណោះទេ ប៉ុន្តែដើមឈើមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុលដែលកើតចេញពីយានយន្តនានាដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ ។ បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាំកូនឈើប្រភេទមានតម្លៃគឺឈើធ្នង់, គ្រញូង, នាងនួន,គគីរ និងឈើផ្សេងៗទៀត បានចំនួនជាង៥ម៉ឺនដើមហើយ ។ តែដោយសារវិសាលភាពនៃទឹកដីរាជធានីភ្នំពេញចេះតែរីកធំឡើងៗ ដូច្នេះរាជធានី ភ្នំពេញត្រូវការបរិស្ថានស្អាត ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិង រុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ឲ្យដឹងមកហើយថា៖ នៅក្នុងឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមឈើប្រណិីតៗ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ( មហាវិថីសម្ដេចតេជោហ៊ុន សែន)បានចំនួន ១៥០០០ដើម នៅតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានចំនួន៣០០ ដើម នៅក្នុងមូលដ្ឋានខណ្ឌកំបូលមានចំនួន៥០០ដើម នៅគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញមានចំនួន៣០០ដើម ។ សម្រាប់ដើមឈើដែលបានដាំតាំងពីមុន និងដើមឈើដែលបានដាំបន្ថែមនាពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានដើមឈើសរុបប្រមាណជាង ៥ម៉ឺន ដើមហើយ៕
ដោយ៖សំរិត