ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភ ចំនួន ២០,០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ជាកិច្ចឆ្លើយតបពីការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំទេយ្យវត្ថុ និងបច្ច័យប្រគេនវត្ត ចំនួន៧វត្ត ព្រមទាំងរៀបចំឲ្យមានកម្មវិធីសិល្បៈ-ចម្រៀងតាមវិទ្យុ និងការផ្សព្វផ្សាយនូវព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គបានទូលំទូលាយ ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៤ យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា កន្លងទៅនោះ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហប្ញទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា។

ជាមួយនឹងព្រះរាជអំណោយដ៏ថ្លៃថ្លានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ទីកន្លែង។ តាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមម្ពុជានឹងយកព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ សម្រាប់សាងសង់ផ្ទះ និងជីកអណ្តូង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរស់នៅតំបន់ដាច់ស្រយាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីកាកបាទក្រហមកម្ពុជា ទាំងអស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ៕

ដោយ៖សហការី


ចែករំលែក៖