ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានារីពិភពលោកឆ្នាំ២០២៣ ដោយផ្តួលប្រទេសកូឡុំប៊ី២២ទល់នឹង១៣ក្នុងការបោះឆ្នោតដោយក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA កាលពីថ្ងៃព្រហស្បតិ៍។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ ។
ចាប់តាំងពីប្រទេសប្រេស៊ីល និងជប៉ុនបានដកខ្លួនចេញពីការបោះឆ្នោតធ្វើម្ចាស់ផ្ទះកាលពីដើមខែមិថុនា ការបោះឆ្នោតនេះបានក្លាយជាសមរភូមិមួយទល់នឹងមួយ។ ការដេញថ្លៃរួមគ្នាដំបូងត្រូវបានគេចាត់ទុកថាជាការពេញចិត្តព្រោះវាទទួលបានពិន្ទុខ្ពស់ពីការវាយតម្លៃបច្ចេកទេសរបស់ FIFA លើការដេញថ្លៃចំនួន៤,១ ក្នុងចំណោម៥ដែលលើសពីកូឡុំប៊ីដែលមានត្រឹមតែ២,៨ ។
ការប្រកួតបាល់ទាត់នារីពិភពលោកគ្រោងធ្វើឡើងចាប់ពីខែកក្កដាដល់ខែសីហា ឆ្នាំ២០២៣។ វានឹងក្លាយជាលើកទី១ហើយដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសចំនួន២មកពីសហព័ន្ធផ្សេងៗគ្នា ហើយឆ្នាំ២០២៣ក៏នឹងក្លាយជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃការប្រកួតដែលនឹងមានក្រុមចំនួន៣២ លើស៨ក្រុមច្រើនជាងការប្រកួតលើកមុនៗ ។
លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍ថា“ដំណើរការដេញថ្លៃមានការប្រកួតប្រជែងខ្លាំង។ការបោះឆ្នោតត្រូវបានចែកចេញជាបណ្តាទ្វីបនៅទ្វីបអឺរ៉ុប ខណៈដែលអឺរ៉ុបចូលរួមជាមួយអាមេរិកខាងត្បូងក្នុងការបោះឆ្នោតសម្រាប់កូឡុំប៊ី យើងមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់សមាជិករបស់ UEFA” ។
ទោះយ៉ាងណាសហព័ន្ធបាននិយាយថា ការបោះឆ្នោតរបស់សមាជិករបស់ខ្លួនសម្រាប់ប្រទេសកូឡុំប៊ី បានបង្ហាញពីឱកាសសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់ស្ត្រីនៅអាមេរិកខាងត្បូង ។
លោក Infantino បានលើកឡើងថា ការប្រកួតកីឡាស្រ្តី
អាចត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង និងចង់ឲ្យតំបន់អាមេរិកខាងត្បូង និងអាហ្វ្រិករៀបចំព្រឹត្តិការណ៍នេះ។
ពាក់ព័ន្ធនឹងការជំរុញថវិកាសម្រាប់កីឡានេះលោក Infantino បានមានប្រសាសន៍ថា “យើងបានសំរេចផ្តល់ថវិកាចំនួនមួយពាន់លានដុល្លារសហរដ្ឋអាមេរិកដល់ការអភិវឌ្ឍកីឡាបាល់ទាត់នារីក្នុងរយៈពេល៤ឆ្នាំខាងមុខ។ យើងធ្លាប់មានបទពិសោធន៍កាលពីឆ្នាំទៅនៅប្រទេសបារាំងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីដ៏អស្ចារ្យមួយ។ វាបានបំបែកឯកត្តកម្ម ដែលបាននាំបាល់ទាត់នារីដល់ឆាកពិភពលោក”។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីកាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានយកឈ្នះហូល្លង់ ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមបានតំណែងជាកំណត់ត្រាលើកទី៤របស់អាមេរិកដែលឈ្នះបាល់ទាត់ពិភពលោកនារី ៕ដោយ៖ភារៈ