ភ្នំពេញះបុរសម្នាក់បានទៅទិញស្រាយកមកផឹក រហូតដល់ស្រវឹងរួចរករឿងវាយប្រពន្ធហើមមុខខៀវភ្នែក នឹងគំរាមកាប់ប្រពន្ធថែមទៀតធ្វើឲ្យភ្ញាក់ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកអន្តរាគមន៍ ដល់កន្លែង តែប្រពន្ធអង្វរក៏អប់រំបញ្ចប់រឿង ។
ហេតុការណ៍ប្រើហឹង្សានេះបានកើតឡើង វេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដើមខ្វិត សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពីស្ត្រីជាប្រពន្ធ បានប្រាប់ឲ្យដឹងថា ប្ដីខ្លួនមួយរយ:នេះទំនេរអត់ការងារធ្វើ គាត់តែងតែហូបស្រាជារៀងរាល់ថ្ងៃ រហូតដល់វេលាកើតហេតុខាងលើ ស្ត្រីជាប្រពន្ធបានត្រឡប់មកពីធ្វើការវិញ ឃើញប្ដីស្រវឹងបាត់ទៅហើយ ។ បន្ទាប់មកគាត់បានរករឿងប្រពន្ធ វាយចំសៀតផ្កាខាងស្ដាំ បណ្ដាលឲ្យហើមប៉ោងនិងជាំខៀវភ្នែកខាងឆ្វេង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង ជួយអន្តរាគមន៍ តែត្រូវបានជនបង្កគំរាមថាកាប់និងចាក់ បើសិនហ៊ានចូលមក។
តាមប្រភពកន្លែងកើតហេតុ បានបន្តថា សម្រាប់ប្ដីប្រពន្ធមួយគូនេះ ឲ្យតែប្ដីស្រវឹងគឺវាយប្រពន្ធជាញឹកញាប់ណាស់ ទើបថ្ងៃនេះពួកគាត់ខ្លាចមានហិង្សាឈានដល់ការកាប់ ចាក់ទើបរាយការណ៍ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍តែម្តង ។
ក្រោយពេលទទួលទូរស័ព្ទពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបុស្តិ៍ទួលសង្កែទី១ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីសួរនាំ ហើយពេលឃើញសមត្ថកិច្ចមកដល់ជនបង្ក បានរត់ចូលក្នុងផ្ទះជួលបិទទ្វារបន្ទប់ជិតស្ងាត់មាត់ឈឹង ចំណែកប្រពន្ធបានសុំអង្វរសមត្ថកិច្ចកុំចាប់ប្ដីខ្លួនអី គាត់ថាប្ដីគាត់លែងខ្លាំងទៀតហើយ។
ចំពោះអ្នកដទៃគាត់មិនហ៊ានទេ សមត្ថកិច្ចហួសចិត្ត បានអប់រំណែនាំប្ដីប្រពន្ធ ថ្ងៃក្រោយកុំឲ្យមានរឿងវាយតប់បែបនេះ កើតឡើងទៀត ៕អរុណរះ