ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៥០វត្ដ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នៅវត្ដទួលសន្ដិវ័ន(ហៅវត្ដទួលអស់លោក) ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកសួង ស្រេងបានបញ្ជាក់ថាការប្រារព្ធធ្វើពិធីនេះបានគឺដោយសារ ប្រទេសជាតិមានសុខ សន្តិភាពជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរព ស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ។ សម្ដេចតេជោ ហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិ ទៅប្ដូរយកសុខសន្ដិភាពជូនបងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំហើយ ។ បច្ចុប្បន្ន ការគោរពសាសនារបស់រដ្ឋ ត្រូវបានថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើង ឈានទៅគម្រប់៥ពាន់ព្រះវស្សាតាមពុទ្ធិបញ្ញត្តិ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន១៣០នាក់ តែក្នុងចំណោមនោះមានតែ២នាក់ទេដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ១២៨នាក់ហើយដែរ។
លោកក៏បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សូមបញ្ជាក់ថា ទៀនព្រះវស្សាទេយ្យទាន និងថវិកា របស់លោកឃួង ស្រេង ព្រមទាំងមន្ដ្រីក្រោមឱវាទនិងក្រុមការងារបានប្រគេនចំនួន១៥០វត្ដ ដោយក្នុងមួយវត្តៗប្រគេនទៀនព្រះវស្សា១គូ,សាដក១កញ្ចប់,ប្រេង៣០លីត្រ, អង្ករ១០០គីឡូក្រាម,មី២ កេស,ទឹកក្រូច២កេស,ទឹកបរិសុទ្ធ២កេស,ទឹកដោះគោ១កេស,ស្ករស២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល ៕ដោយ៖ សំរិត