ខេត្តក្រចេះ៖ បើតាមអង្គភាពមន្ទីរបរិស្ថានខេត្តក្រចេះបានឱ្យដឹងថា៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុដែនជម្រកសត្វព្រៃឡង់ បានធ្វើការចុះដាក់កាមេរ៉ាស្វ័យប្រវត្តិ ដើម្បីតាមដាន និងសង្កេតវត្តមានសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ដល់ចំណុចផ្លូវបំបែកភ្នំផ្តាច់ព្រលឹង ភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានប្រទះឃើញជនសង្ស័យម្នាក់ ធ្វើដំណើរតាមម៉ូតូ។
អង្គភាព មន្ទីរបរិស្ថានបានបញ្ជាក់ថា៖ ពេលពើបប្រទះមន្ត្រីឧទ្យានុរក្ស ជនសង្ស័យក៏ទម្លាក់សត្វឈ្លូសចំនួន០១ក្បាល មានទម្ងន់២០គីឡូក្រាម ចោលកណ្តាលផ្លូវ ហើយជិះម៉ូតូរត់គេចខ្លួនបាត់។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស បានដុតបំផ្លាញសត្វឈ្លូសនោះចោលតែម្តង៕សហការី