ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនបុកម៉ូតូកង់បី ២ គ្រឿងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯម្ចាស់កង់បីរងរបួសធ្ងន់ស្រាលចំនួនពីរនាក់ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ យប់ថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ កែងនឹងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានម៉ូតូកង់បីពីរគ្រឿងដែលម៉ូតូកង់បីទី១
ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IC 8749បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង នឹងមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HU 9040បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវ ១០០៣ដូចគ្នា លុះដល់ពេលកើតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX 5227 មួយគ្រឿងបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៩៨០ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលបុកចំពីចំហៀងម៉ូតូកង់បីពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ដោយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនឹងផ្លាកបង្គោលប៉ាណូផ្លូវនិងដាច់កង់ខាងមុខកៀបជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច ចំណែកឯម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ស្រាល២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូកង់បីរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។
ដោយ៖និន សុភ័ស្ត