ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញជីវិតអ្នក!! បុរសម្នាក់ធ្លាប់ចូលមណ្ឌលជាច្រេីនដង​ព្រោះតែប្រេីប្រាស់គ្រឿងញៀន ពេលចេញមកវិញនៅតែប្រព្រឹត្តរហូតគាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់បានប្រតិកម្មសារធាតុញៀនរហូតដល់គាំងបេះដូងដួលស្លាប់​ក្នុងផ្ទះ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន​ប្រជាពលរដ្ឋកាលពីវេលាម៉ោង២១៖០០នាទី​យប់​ ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៨៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

      បេីតាមសម្ដីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់ដែលបានប្រតិកម្មគ្រឿងញៀនរហូតដល់ស្លាប់ខាងលើនេះមានឈ្មោះ រស់ ចាន់ផាណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ 

    បងស្រីជនរងគ្រោះបានបន្តថា​ កាលពីមុន​ ជនរងគ្រោះធ្លាប់ប្រេីប្រាស់គ្រឿងញៀនរហូតក្រុមគ្រួសារបញ្ចូនទៅមណ្ឌលកែប្រែ៣ទៅ៤ដងមកហេីយ​ៗចេញមកវិញនៅតែបន្តប្រេីប្រាស់គ្រឿងញៀនដដែល ។ 

    ប្រភពដដែលក៏បានបន្តថា​ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ រស់ ចាន់ផាណារ៉ា បានត្រលប់មកពីដើរលេងនៅខាងក្រៅ ហើយក៏មានអាការមិនស្រួលក្នុងខ្លួន ហើយមួយសន្ទុះក្រោយមកបានដួលក្បែរទ្វារបន្ទប់ខាងលើ ។ពេលឃើញដូច្នោះក៏មិនមាននរណាហ៊ានចូលទៅក្បែរដែរព្រោះជនរងគ្រោះនេះមានចរិតកាចសាហាវណាស់។ ប៉ុន្តែដោយសារឃើញដួលបាត់មាត់យូរពេកក្រុមគ្រួសារក៏បានទៅហៅមន្ត្រីមន្ទីរសង្គមកិច្ចដើម្បីចាប់យកទៅបន្សាបគ្រឿងញៀន តែជាអកុសល រស់ ចាន់ផាណារ៉ា បានដាច់ខ្យល់ស្លាប់បាត់បងជីវិតទៅហើយ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងតែម្ដង។ 

    ក្រោយពេលសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យរបស់រាជធានីភ្នំពេញ ពិនិត្យសពជនរងគ្រោះឃេីញថា​ ពិតជាស្លាប់ដោយសារអាការមិនស្រួលខ្លួន ប្រតិកម្មគ្រឿងញៀនដោយខ្លួនឯងពិតប្រាកដមែន ។ ក្រោយពេលពិនិត្យរួចរាល់​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖