ភ្នំពេញ៖ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ និងការងារអនាម័យ បរិស្ថាន នៅតែជាការងារអាទិភាពដែលរដ្ឋ បាលខណ្ឌច្បារអំពៅ កំពុងយកចិត្តទុកដាក់។
លោកអភិបាលខណ្ឌបានបន្តថា ការងារទាំងអស់នេះរដ្ឋបាលខណ្ឌតែឯកឯងមិនអាចធ្វើទៅរួចនោះទេ វាទាល់តែមានការចូលរួមឱ្យបានផុលផុស ពីអាជ្ញាធរសង្កាត់-ភូមិ ។
ការលើកឡើងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
លោកបានបន្តថា ចាប់ពីថ្ងៃនេះតទៅ តាមបណ្តាសង្កាត់និីមួយៗ ត្រូវតែបន្តយកចិត្តទុកដាក់ចូលរួមលើការងាររក្សាសណ្តាប់ធ្នាប់ និង សម្អាតបរិស្ថានតាមដងផ្លូវនានាក្នុងមូលដ្ឋានដោយប្រើប្រាស់ម៉ូតូសម្រាប់ដឹកសំរាម ចុះប្រមូលសំរាមចេញជាបន្ទាន់ នៅពេលមានការអាក់ខានពីរថយន្តប្រមូលសំរាម។
លោកអភិបាលក៏បានកោតសរសើរផងដែរ ដល់សង្កាត់វាលស្បូវ ដែលបានដាក់កម្មវិធីច្បាស់លាស់លើការងារសម្អាតបរិស្ថាន ដោយបានជ្រើសរើសយក ថ្ងៃអាទិត្យសម្រាប់ការងារនេះ និងបានអនុវត្តមិនដែលអាក់ខានឡើយ។ នេះគឺជាគំរូមួយដែលតាមបណ្តាសង្កាត់នានា ត្រូវតែអនុវត្តតាម។ទាក់ទងទៅនឹងការងារ បង្ការការពារមេរោគកូវីដ-១៩ , លោកអ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក៏បានលើកឡើងផងដែរថា សព្វថ្ងៃនេះ នៅទូទាំងពិភពលោក ការរាតត្បាតឆ្លងមេរោគកូវីដ-១៩ មិនទាន់បានធូរស្រាលនៅឡើយទេ ។ សម្រាប់នៅកម្ពុជាយើង ថ្វីដ្បិតតែកន្លងមក ក៏ដូចជាមកទល់ពេលនេះ យើងទប់ស្កាត់បានល្អ និងមិនមានអ្នកជំងឺណាម្នាក់បានស្លាប់ដោយសារមេរោគនេះក៏ដោយ , តែប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រជាជនយើងហាក់ដូចជាកំពុងធ្វេសប្រហែសដោយមានការជួបជុំគ្នាច្រើន ហើយតាមបណ្តាផ្លូវនិីមួយៗកំពុងចាប់ផ្តើមកកស្ទះដោយយានយន្តគ្រប់ប្រភេទ។ លោក ប្រធានក្រុមប្រឹក្សាខណ្ឌ បានបន្តថា ការងារនេះ យើងដែលជាមន្រ្តីអាជ្ញាធរ មិនអាចព្រងើយកន្តើយបាននោះទេ គឺត្រូវតែបន្តចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ការពារឱ្យបានខ្ពស់បំផុត ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នា៕ដោយ៖ សណ្តោស