អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការរីកសាយ នៃសារស្អប់ខ្ពើម–រើសអើង ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិរួមមានទាំង Coca-Cola, Starbucks, Unilever និង Verizon ជាដើម សុទ្ធតែបានរួមគ្នាផ្អាកការទិញ ពាណិជ្ជកម្មលើបណ្តាញសង្គមយក្ស Facebook ដោយសម្អាងថាFacebook ពុំបានខំប្រឹងគ្រប់គ្រាន់ក្នុងការចាត់វិធានការនេះ ។
ដោយប្តេជ្ញាផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើ Facebook សម្រាប់ពេញមួយខែកក្កដាខាងមុខនេះ ក្រុមហ៊ុនកាន់តែច្រើនឡើងៗបានចូលរួមក្នុងយុទ្ធនាការហៅថា «Stop Hate for Profit» ។ ហើយសរុបមកទល់ពេលនេះ មានក្រុមហ៊ុនច្រើនជាង១៦០ បានចូលរួម។
* តើយុទ្ធនាការខាងលើមានគោលដៅអ្វី?
យុទ្ធនាការ Stop Hate for Profit ត្រូវបានចាប់ផ្តើមឡើង ដោយក្រុមអង្គការ Free Press និង Common Sense Media រួមជាមួយក្រុមអង្គការ ការពារសិទ្ធិជនស៉ីវិលអាមេរិក Color of Change, Anti-Defamation League និង NAACP ក្រោយការស្លាប់របស់លោកGeorge Floyd ដែលបានបាត់បង់ជីវិត ក្រោមស្នាដៃប៉ូលិសនៅទីក្រុង Minneapolis នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក។
គោលដៅចម្បងនៃយុទ្ធនាការនោះ គឺធ្វើយ៉ាងណាដាក់សម្ពាធរួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ ទៅលើ Facebook ដើម្បីឲ្យបណ្តាញសង្គមនេះចាត់វិធានការឲ្យខ្លាំងទៅលើសារញុះញង់ ស្អប់ខ្ពើម និងរើសអើង ហើយមធ្យោបាយដែលល្អបំផុត គឺការវាយលុកទៅលើប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្មរបស់ Facebook។
យុទ្ធនាការខាងលើបានបញ្ជាក់ថា ខ្លួនសម្រេចធ្វើសកម្មភាពប្រឆាំងFacebook គឺដោយសារតែបណ្តាញសង្គមនេះជាយូរណាស់មកហើយបានបន្តអនុញ្ញាតឲ្យ សារប្រកាន់ពូជសាសន៍ សារបង្កប់អត្ថន័យញុះញង់ឲ្យផ្ទុះអំពើហិង្សា និងព័ត៌មានមិនពិត ត្រូវបានបង្ហោះនិងចែកចាយដោយសេរី។
* ក្រុមហ៊ុនធំៗណាខ្លះចូលរួម?
គិតមកទល់ឥឡូវនេះ យុទ្ធនាការ «Stop Hate for Profit» ទទួលបានការគាំទ្រពីក្រុមហ៊ុនច្រើនជាង១៦០ ដែលភាគច្រើននៅអាមេរិកហើយ ក្រុមអ្នករៀបចំយុទ្ធនាការ កំពុងគ្រោងពង្រីកវាទៅជាលក្ខណៈសកលតែម្តង ជាមួយអឺរ៉ុបជាគោលដៅធំ។ ទាំងនេះ ជាក្រុមហ៊ុនធំៗដែល បានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើ Facebook គឺ Starbucks, Unilever, Coca-Cola, Verizon, Patagonia, Arc’teryx, The North Face, REI, JanSport, Eddie Bauer, Hershey’s, Upwork, Magnolia Pictures, Dashlane, Honda, Levi Strauss និងEileen Fisher។
* តើ Facebook រងការប៉ះពាល់កម្រិតណាពីយុទ្ធនាការនេះ?
វាមិនទាន់អាចនិយាយបានឲ្យច្បាស់នៅឡើយទេ ប៉ុន្តែមានចំណុចគួរពិចារណាមួយចំនួនដូចជា កាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃទីផ្សារនៃFacebook បានធ្លាក់ចុះជាង៨ភាគរយ ស្មើនឹង៧២ពាន់លានដុល្លារមានន័យថា ក្រុមអ្នកវិនិយោគកំពុងផ្ញើសារដ៏ខ្លាំងមួយដល់ Facebook។
បើនិយាយពីចំណូលនៃការផ្សាយពាណិជ្ជកម្មវិញ គឺកាលពីឆ្នាំមុនFacebook បង្កើតចំណូលបានជិត១០២ពាន់លានដុល្លារ។ មួយភាគបួននៃចំណូលនោះ គឺបានមកពីក្រុមហ៊ុនធំៗដូចជា Unilever និងចំណែកដ៏ធំដែលនៅសល់ គឺបានមកពីក្រុមហ៊ុនតូចៗ។ ហើយខណៈ Unilever បានប្តេជ្ញាផ្អាកការផ្សាយពាណិជ្ជកម្មលើ Facebook សម្រាប់តែនៅក្នុងសហរដ្ឋអាមេរិក ចាប់ពីខែកក្កដា រហូតដល់ពេញមួយឆ្នាំ២០២០នេះក៏ដោយគឺវាស្មើតែខ្ទង់១០ភាគរយប៉ុណ្ណោះនៃថវិកាសរុបរហូតដល់ប្រហែល២៥០លានដុល្លារ ដែលក្រុមហ៊ុននេះចំណាយទៅលើការផ្សាយពាណិជ្ជកម្មនៅ លើ Facebook ជារៀងរាល់ឆ្នាំ។
ចំណុចសំខាន់មួយទៀត គឺស្របពេលដែលក្រុមហ៊ុនកាន់តែច្រើនឡើង បានផ្អាកការផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ Facebook មានការកត់សម្គាល់ឃើញថា ក្រុមហ៊ុនដែលជាអតិថិជនពាណិជ្ជកម្មធំៗបំផុតរបស់ Facebook គឺមិនទាន់បានធ្វើបែបនោះឡើយ ដូចជា Walmart, BestBuy, Microsoft, Target និង Amazon ជាដើម។
* តើ Facebook មានការឆ្លើយតបយ៉ាងណា?
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្មានម៉ោងក្រោយ Unilever ប្រកាសផ្អាកការផ្សាយពាណិជ្ជកម្ម ស្ថាបនិកនិងនាយកប្រតិបត្តិរបស់ Facebook គឺលោក Mark Zuckerberg បានប្រកាសថា ក្រុមហ៊ុនបណ្តាញសង្គមលោកនឹងចាប់ផ្តើមដាក់សញ្ញាសម្គាល់ លើសារលក្ខណៈជាព័ត៌មានទាំងឡាយណាដែលរំលោភលើគោលការណ៍របស់ Facebook ហើយរាល់ការបង្ហោះសារនិងពាណិជ្ជកម្មទាំងអស់អំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏នឹងត្រូវភ្ជាប់នូវ Link ដើម្បីចុចទៅកាន់ព័ត៌មានត្រឹមត្រូវពិតប្រាកដផងដែរ។
រីឯនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា Facebook បានទទួលស្គាល់ ខ្លួនពិតជាមានកិច្ចការងារជាច្រើនបន្ថែមទៀតដែលត្រូវធ្វើ ដោយថាក្រុមហ៊ុនកំពុងខិតខំសហការជាមួយក្រុមការពារសិទ្ធិជនស៉ីវិល និងក្រុមអ្នកជំនាញ ដើម្បីអភិវឌ្ឍមធ្យោបាយថែមទៀត ដែលសំដៅប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើម រើសអើងនិងញុះញង់ឲ្យមានអំពើហិង្សា។
ដោយឡែកក្រុមហ៊ុនFacebook ក៏បានបញ្ជាក់ដែរថា ការវិនិយោគរបស់ខ្លួនទៅលើផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) បានអនុញ្ញាតឲ្យក្រុមហ៊ុនស្វែងរក ឃើញប្រមាណជា៩០ភាគរយនៃសារប្រភេទនេះ មុនពេលអ្នកប្រើប្រាស់រាយការណ៍អំពីពួកវាទៅទៀត៕ដោយ៖ស តារា