ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន តែងធ្វើការអំពាវនាវ អប់រំតាមសហគមន៍ ផ្សព្វផ្សាយឱ្យរួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា។ ថ្ងៃនេះ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងក្រសួងបរិស្ថាន ក៏បង្ហាញពីសត្វទុងប្រផេះ​ Spot-billed Pelican ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ដីសេីម ហេីយមានវត្តមាន​ពេញ​មួយ​ឆ្នាំ​ និងមានច្រេីននៅបឹង​ទន្លេ​សាប។ បក្សីទុងប្រផេះ មានទំហំ​ពី​១២៧-១៤០​សង់ទីម៉ែត្រ​ ហេីយពេលពេញវ័ញ​បន្តពូជ​ គេ​អាចសម្គាល់​មានមាឌ​ធំ​ ខ្លួន​ស​-ប្រផេះ​ ចំពុះធំវែង​ ដែលចំពុះ​ក្រោមរាង​ជាថង់​ នៅលេី​ចំពុះ​និងថង់​មានអុជៗ​ខ្មៅពាស​ពេញ។ ចំណែកឯនៅរដូវមិនបន្តពូជ​ គេសម្គាល់​នៅលេី​ចំពុះ​ និងថង់​គ្មានអុជៗ​ខ្មៅទេ។ បក្សីប្រភេទនេះ​ រស់នៅតាម​បឹង​ ត្រពាំង​ ទឹកប្រៃមាត់សមុទ្រ​ ស្ទឹងធំៗ​ វាលភក់​ តំបន់​វាលទំនាប។ ចំណែកឯការបន្តពូជ​ គឺចាប់ពីខែ​សីហា​ រហូត​ដល់​ខែឧសភា។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ នេះឯកសារ​យោងតាមសៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា៕

ដោយ៖សិលា


ចែករំលែក៖