ព័ត៌មានទាន់ហេតុការណ៍៖

រំដួល គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ផ្ការំដួលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជាប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី ៣.១៥ម. សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯផ្នែកខាងក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង១ស្រទាប់មាន ៣ត្របក ហើយត្របកខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ – មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា ១-២ គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជា៖ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។

ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេស កម្ពុជាហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់។

ឯកសារយោង
http://fruitcambodia.blogspot.com/2012/07/blog-post_5647.html

http://domneng.com/p/10526៕

ប្រភព៖ទទក


ចែករំលែក៖