ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅច្រកអានសេះ ខាងទឹកដីកម្ពុជា មានការជួបសំណេះសំណាលគ្នាមួយ រវាងភាគីកម្ពុជា និងភាគីថៃ។
ជានិច្ចកាលទាហានកម្ពុជា និង ទាហានថៃបង្កើនកាន់តែល្អតាមរយ:ការណាត់ ជួបគ្នាបានជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ណាត់ជួប ដើម្បីដោះស្រាយបានភ្លាម រាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ។
ក្នុងជំនួប ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង ក.ជ.គ មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣, និងមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន, លោកឧត្តមសេនីយ៍ឯក វ៉ា សឿន (នាយរងសេនា ធិការចម្រុះខ.ភ.ម), លោកមេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសព្រះវិហារ, លោកមេបញ្ជាការរង f៣, លោកមេបញ្ជាការ L៨។
ចំពោះភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ថាន់យ៉ាគាទ្ទិសាន មេបញ្ជាការ យោធភូមិភាគទី២ អមដំណើរដោយ ឧត្តមសេនីយ៍ត្រី អ:ឌុន ប៊ុនថាំច:រុឺន មេបញ្ជាការកងកម្លាំងស៊ុរ:ណារី, លោក អ័ក្ខរ:ផុន មូនប្រាក់ដា មេបញ្ជាការទិសទី១, លោក ប៊ុនសឺម ប៊ុនបាំរុង មេបញ្ជាការរង ទិសទី១ និងជាប្រធានទំនាក់ ទំនងព្រំដែនថែប្រចាំតំបន់ទី១,លោក ស៊ុរ:គីទ្ទ កានល:នេត្រ មេបញ្ជាការវរសេនាធំលេខ២៣ ឈុតខ្មៅ។
ខ្លឹមសារសំខាន់នៃជំនួបគឺ ជួបសំណេះសំណាល ដើម្បីសំដែងការគួរសម ពីសំណាក់លោក មេបញ្ជាការយោធភូមិភាគទី២ថៃ ដែលទើបឡើងកាន់តំណែងថ្មី។
នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានបង្ហាញពីទំនាក់ ទំនងកាន់តែល្អរបស់ថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរ ជា ពិសេស កម្លាំងកំពុងឈរជើងទល់មុខ នៅទិសទី១នេះ បានរក្សាបាននូវទំនាក់ទំនងកាន់តែប្រសើឡើងផងដែរក្នុងរយ:ពេលកន្លងមកនេះ តាមរយ:ការណាត់ ជួបគ្នាបានជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ណាត់ជួប ដើម្បីដោះស្រាយបានភ្លាម រាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ៕
ដោយ៖សិលា