ព័ត៌មានទាន់ហេតុការណ៍៖

ទឹម រដ្ឋា ស្កាត់ទៅថត Pre-wedding ជាមួយគូស្នេហ៍ដល់សៀមរាប?

ចែករំលែក៖

    សៀមរាប៖ តារាសម្តែង និងបង្ហាញម៉ូត កញ្ញា ទឹម រដ្ឋា បានធ្វើឲ្យគេភ្ញាក់ផ្អើល​ខ្លាំងក្រោយ​ពីនាងបានបង្ហាញឈុតសម្លៀកបំពាក់ប្រណីតមួយនៅលើទឹកដីនៃខេត្តសៀមរាប។ នាងត្រូវ​បានអ្នករួមអាជីពជជីកសួរដោយឆ្ងល់ថាជាការថតរូបមុនមង្គលការ (Pre-wedding)​ជាមួយគូស្នេហ៍ឬយ៉ាងណា?

ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានស្កាត់ពីភ្នំពេញទៅទឹកដីអង្គរអច្ឆរិយៈ ដើម្បីថតរូប Pre-wedding ដែលលេចចេញសង្ស័យថានាងអាចនឹងចូលរោងការឆាប់ជាមួយគូស្នេហ៍ដែលតែង​បង្ហាញភាពផ្អែមល្ហែមខ្លាំងលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ក្នុងរូបថតនោះ កញ្ញា ទឹម រដ្ឋា គ្រង​ឈុតដ៏អស្ចារ្យមួយឈ្មោះថា “កេងកងកម្ពុជា” ជាការច្នៃឡើងរបស់សំអាងការ ប្រសិទ្ធសិរី យក​លំនាំតាមសត្វកេងកង ដែលជាប្រភេទសត្វកម្រក្នុងប្រទេសកម្ពុជា ជាសត្វគំរូមេបាស្មោះ​ស្ម័គ្រនឹងគ្នា។ នាងទទួលបានការកោតសរសើរខ្លាំងថាពិតជាស្រស់ស្អាត ខណៈអ្នកគាំទ្រស្នើ​ឲ្យ​បង្ហាញ​មុខគូស្នេហ៍ថតរួមគ្នាព្រោះតែពួកគេចង់បានដំណឹងល្អពីនាងឆាប់ៗ ទោះជាយ៉ាង​ដំណឹងនៃការរៀបការត្រូវបានបញ្ចប់ព្រោះតែបុរសក្នុងរូបថតនោះមិនមែនជាគូស្នេហ៍នាងនោះឡើយ ហើយគេនៅមិនទាន់ដឹងដែរថាតើបុរសនោះជាអ្នកណា ខណៈតារាស្រីរូប​នេះនៅមិន​ទាន់ចេញមុខបញ្ជាក់។

គួររំលឹកថា កាលពីពេលកន្លងទៅ ទឹម រដ្ឋា ធ្លាប់ប្រាប់ឲ្យអ្នកសារព័ត៌មាន​ក្នុងស្រុកដឹងថា នាងជាមួយគូស្នេហ៍បរទេសរបស់នាងស្រលាញ់គ្នាណាស់ ហើយគូស្នេហ៍​នាង​ជាមនុស្សចិត្តទូលាយ ស្រលាញ់ យកចិត្តទុកដាក់ជាមួយនាង តែ ទឹម រដ្ឋា ក៏ធ្លាប់ទម្លាយ​ឲ្យដឹងថា នាងជាមួយគូស្នេហ៍នៅមិនទាន់មានគម្រោងរៀបការនៅឡើយទេ ពោលគឺចង់នៅ​មើល​ចិត្តគ្នាឲ្យយូរជាងនេះបន្តិច ជៀសវាសកុំឲ្យរៀបការខុស ហើយស្តាយក្រោយនៅ​ពេលក្រោយ រហូតដល់ពេលនេះក៏មានការបែកធ្លាយរូបភាពបែបនេះឡើងមក ធ្វើឲ្យមានការ​ភ្ញាក់ផ្អើលដល់មហាជន អ្នកគាំទ្រនាងជាខ្លាំង៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖