បាត់ដំបង៖ កម្លាំងនគរបាលចរាចរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០បានចុះឃាត់រថយន្តមួយចំនួនដែលដឹកទំនិញសំពីងសំពោងនិងដឹកលើសទម្ងន់កំណត់ចូលមកក្រុងបាត់ដំបង ហើយសមត្ថកិច្ចបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តឱ្យផ្ទេរទំនិញចេញហើយបានផាកពិន័យនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត។
លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នេះជាយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០មក។តែការមកដល់ពេលនេះសមត្ថកិច្ចរបស់លោកបានកត់សម្គាល់ឃើញការល្មើសច្បាប់ចរាចណ៍នៅតែកើតមានជាបន្តបន្ទាប់។ក្នុងនោះករណីយានយន្តដឹកទំនិញសំពីងសំពោងនិងដឹកលើសទម្ងន់កំណត់នៅតែជាបញ្ហានៅឡើយផងដែរ ។
លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង នៅតែបន្តសកម្មភាពផាកពិន័យមិនឈប់ឈរទេលើការអនុវត្តច្បាប់ចរាចរណ៍សម្រាប់អ្នកប្រព្រឹត្តខុស។ក្នុងនោះដែរលោកបានអំពាវនាវសូមឱ្យមានការចូលរួមពីអ្នកប្រើប្រាស់យានយន្តដែលដឹកទំនិញ និងអ្នកប្រើប្រាស់យានប្រើប្រាស់ផ្លូវមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ។
យ៉ាងណាដូចឃើញក្នុងរូបថតនេះ មហាជនបានដាក់សំណួរថា តើនេះជាការមិនគោរពច្បាប់ចរាចរណ៍ ឬផ្គើននឹងសមត្ថកិច្ច ? ៕
ដោយ៖ប្រាថ្នា