ខេត្តក្រចេះ៖ ទូកព្យាង្គសណ្តោងជាក្បូនដឹកឈើបង្កប់ប៉ប្រះក្រោមទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលឈ្មួញជើងខ្លាំងម្នាក់នៅខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះបម្រុងយកមកលក់ឱ្យក្រុមឈ្មួញខិលខូចប្រមូលចូលក្រុមហ៊ុនមួយបន្លំថាស្របច្បាប់នោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរសហការជាមួយកម្លាំងខេត្តបង្ក្រាបបានរួចហើយប្រគល់ឱ្យជំនាញចាត់ការបន្ត។
ការស្ទាក់បង្ក្រាបទូកដឹកឈើនេះកម្លាំងកងរាជអាវុធហត្ថធ្វើការ
បង្ក្ត្រាបបាននៅវេលាម៉ោង ៣ រសៀលថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២០ត្រង់ចំណុចភូមិដំរែល ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
តាមប្រភពពីក្រុមសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ឈើដែលដឹកតាមទូកព្យាង្គនេះក្រុមកម្មករប្រាប់ថាជារបស់ឈ្មោះ «ជា» រស់នៅក្នុងឃុំសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ ហើយតែងតែដឹកជញ្ជូនឈើតាមទូកព្យាង្គពីខេត្តស្ទឹងត្រែងមកដាក់នៅស្រុកសំបូរ ខេត្តក្រចេះជាញឹកញាប់។ឈ្មោះជានេះមានឈ្មោះបោះសំឡេងល្បីល្បាញនៅខេត្តនេះមិនដែលចេះខ្លាចញញើតសមត្ថកិច្ចណាឡើយគឺអាងមានខ្នងអ្នកធំនៅពីក្រោយ។
ឈ្មួញម្នាក់នេះប្រហែលជាត្រូវអស់លក្ខណ៍ហើយទើបបានជាមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរនិងស្នាក់ការ៧០៨ .៧១០ចុះបង្ក្រាបទូកព្យាង្គសណ្តោងឈើខាងលើនេះ។
ក្រោយពីបង្ក្រាបបានហើយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានប្រគល់ឈើឱ្យទៅខាងបរិស្ថានភូមិកោះខ្ញែ ឃុំអូរគ្រៀងធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីកោះហៅម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ព្រៃឈើ៕ដោយ៖ ជីវ័ន្ត