ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរ៉ែនិងថាមពល បង្ហាញថា រ៉ែដែលប្រជាពលរដ្ឋនៅខេត្តព្រះសីហនុផ្អើលនាំគ្នាទៅជីកនោះ មិនមែនជារ៉ែមាសនោះទេ

ចែករំលែក៖

ភ្នំពេញ៖ ផេកផ្លូវការ របស់ក្រសួងព័ត៌មាន បានដកស្រង់សំដី មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលបានបង្ហាញលទ្ធផលអំពីមន្ទីរពិសោធន៍ថា រ៉ែដែលប្រជាពល រដ្ឋខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីកនោះមិនមែនជារ៉ែមាសនោះទេ គឺជាប្រភេទរ៉ែពីរីត ដែលជាបណ្ដុំនៃសមាសធាតុដែកនិងស្ពាន់ធ័រប៉ុណ្ណោះ ។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ទីតាំងដែលប្រជាពលរដ្ឋនាំគ្នាផ្អើលជីកកកាយដែលសង្ស័យថាជារ៉ែមាសស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះគឺពុំមែនរ៉ែមាសនោះទេ បន្ទាប់ពីក្រុមអ្នកជំនាញ បានយកមកពិសោធន៍យ៉ាងល្អិតល្អន់។
លោកបញ្ជាក់ថា ៖ យោងតាមលទ្ធផលនៃមន្ទីរពិសោធន៍របស់ក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា តំបន់នោះមិនមែនជារ៉ែមាសសុទ្ធនោះទេ គ្រាន់តែវាមានតិចតួចប៉ុណ្ណោះ ហើយគ្មានសក្ដានុពលសម្រាប់សេដ្ឋកិច្ច ឬមានតម្លៃអ្វីសម្រាប់ធ្វើអាជីវកម្មទេ ។
លោកបន្តថា៖ « យើងបានយកលទ្ធផលនៃការវិភាគ ការពិតទៅអ្វីដែលយើងឃើញនិងភ្នែក យើងអាចវាយតម្លៃជំហានដំបូង ប៉ុន្តែអ្វីដែលយើងឃើញនិងភ្នែកវាមិនប្រាកដដូចឡាបូវាយតម្លៃនោះទេ ។ អញ្ចឹងបានយើងឆ្លើយបឋម ហើយក្រោយពីយើងយកទៅឲ្យគេវិភាគមើលទៅ ឃើញរ៉ែនោះជាប្រភេទរ៉ែពីរីត ដែលជាប្រភេទរ៉ែដែកអុកស៊ីតជាមួយនិងស្ពាន់ធ័រ ។ ហើយនៅជាមួយគ្នាមិនមែនថាអត់សុទ្ធនោះទេ វាមានមាសតិចតូចនៅក្នុងនោះ ប៉ុន្តែបើក្នុងករណីដែលថា យើងយកគេហៅថាលក្ខណៈពាណិជ្ជកម្មមកចំរេញយកវាយកអត់ចេញទេ » ។
លោកបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយឈប់នាំគ្នាផ្សងព្រេង ទៅបន្តជីក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ។ លោកបញ្ជាក់ថាក្រុមការងារក្រសួង បានសហការជាមួយអាជ្ញាធរខេត្តដើម្បីរក្សាតំបន់នោះទុកធ្វើការស្រាវជាវនៅពេលក្រោយបន្តទៀត ។
សូមបញ្ជាក់ថា ៖ កាលថ្ងៃទី១២ ខែមិថុនា មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាជីកកកាយយករ៉ែ នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយពួកគាត់ឃើញដុំនោះមានពន្លឺប្លែក ដោយសន្និដ្ឋានថាជារ៉ែមាសតៗគ្នា។ ទីបំផុត យោងតាមលទ្ធផលនៃមន្ទីរពិសោធន៍របស់ក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា តំបន់នោះមិនមែនជារ៉ែមាសសុទ្ធនោះទេ ៕ដោយ៖សិលា


ចែករំលែក៖