ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមចំនួន២គ្រឿងដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។
ម៉ាស៊ីនទាំងពីរគ្រឿងនេះជាអំណោយរបស់ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិនដែលជាទីក្រុងចងសម្ពន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាមនិងអនាម័យនៅតាមផ្លូវសាធារណៈ តាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចម្បងដើម្បីថែរក្សាអនាម័យនិងសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផងនិងដើម្បីសោភណភាពទីក្រុងភ្នំពេញផង ដោយលោកបានចាត់ចែងដល់អង្គភាពជំនាញធ្វើកិច្ចការនេះដោយផ្ទាល់។
ពាក់ព័ន្ធនឹងការងារនេះលោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០នេះថា ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញស្របពេលដែលទីក្រុងណាននីងបានផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីប៉ុន្មានខែកន្លងមកនេះ។
លោកបានបញ្ជាក់ទៀតថា ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺមានសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណផ្ទៃដីទំហំ ១៦.០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉ាស៊ីនបូមទាំងពីរនេះកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញយកមកធ្វើសកម្មភាពបូមសម្អាតនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះពិតជាមានគុណភាពដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ស្រោចនៅពេលកំពុងប្រតិបត្តិការបូមធូលី។
លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនបូមទាំងពីរគ្រឿងនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានហើយបើខណ្ឌមួយចំនួនត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕ ដោយ៖សំរិត