ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​អាកាសចរណ៍​វៀតណាម ប្រកាស​បញ្ឈរជើង​អ្នកបើកបរ​យន្តហោះ​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំងអស់ ក្រោយរកឃើញ​ភាពមិនប្រក្រតី​

ចែករំលែក៖

អន្តរជាតិ៖អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម  (CAAV) នៅថ្ងៃទី២៩ខែមិថុនាម្សិលមិញនេះ បានបញ្ជាឲ្យផ្អាកការងាររបស់អ្នកបើកបរយន្តហោះដែលកំពុងធ្វើការឲ្យអាកាសចរណ៍វៀតណាមទាំងអស់ ដែលកំពុងបម្រើការក្នុងតាមអាកាសចរណ៍ក្នុងស្រុក ក្រោយមានការផ្ទុះឡើងក្ដីបារម្ភពីសុវត្ថិភាពផ្លូវអាកាស បន្ទាប់ពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ(IATA) រកឃើញភាពមិនប្រក្រតីក្នុងការចេញអាជ្ញាបណ្ណបើកបរយន្តហោះរបស់អាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិ

យោងតាមប្រធានអាជ្ញាធរអាកាសចរណ៍វៀតណាម បាននិយាយថា ការដកបញ្ឈរជើងនេះ គឺជាវិធានការទប់ស្កាត់របស់ក្រុងហាណូយផងដែរ ក្រោយ​​រកឃើញបញ្ហាក្នុងការចេញអាជ្ញាបណ្ណបើកបរយន្តហោះក្នុងចំណោមអ្នកបើកជនជាតិប៉ាគីស្ថាន ចំណែកនៅប៉ាគីស្ថានអ្នកបើកបរយន្តហោះចំនួន២៦២នាក់ ត្រូវបានដករួចហើយ

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន CAAV ការព្យួរការងារនេះ នឹងមានសុពលភាពរបស់រហូតដល់មានការជូនដំណឹងជាថ្មី ជាមួយនេះវៀតណាមក៏បានទាក់ទងជាមួយប៉ាគីស្ថានដើម្បីតាមដានប្រវត្តិរូបអ្នកបើកបរដែលធ្វើការនៅវៀតណាម

សូមជម្រាបថា អ្នកបើកបរយន្តហោះសញ្ជាតិប៉ាគីស្ថាន២៧នាក់ បានបំពេញការងារនៅវៀតណាម ក្នុងចំណោមនេះ ១២នាក់ កំពុងបំពេញការងារ ហើយ១៥នាក់ទៀត កំពុងសម្រាកដោយសារ COVID-19 ម្នាក់ក្នុងចំណោម១២នាក់ បើកយន្តហោះឲ្យអាកាសចរណ៍Jetstar Pacific ១១នាក់ទៀត ធ្វើនៅអាកាសចរណ៍ Vietjet អាកាសចរណ៍ជាតិរបស់វៀតណាម Vietnam Airlines និង Bamboo Airways មិនបានជួលអ្នកបើកបរយន្តហោះប៉ាគីស្ថានឡើយ នេះជាការបញ្ជាក់របស់CAAV

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប៉ាគីស្ថាននិយាយថា ខ្លួននឹងបញ្ឈរជើងអ្នកបើកបរយន្តហោះ២៦២នាក់ ដែលសង្ស័យថា បានបន្លំអាជ្ញាបណ្ណបើកបររបស់ពួកគេ ដោយឡែកអាជ្ញាធរអាកាសចរណ៍វៀតណាមគូសបញ្ជាក់ថាសព្វថ្ងៃនេះ វៀតណាមមានអ្នកបើកបរចំនួន១២៦០នាក់ហើយពាក់កណ្ដាលជាជនបរទេស​ ​​ ដោយ៖ស តារា


ចែករំលែក៖