ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីរ៉ង់! ចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណរដ្ឋអ៉ីស្លាម បានរាយការណ៍នៅថ្ងៃចន្ទ ទី២៩ ខែមិថុនានេះថា អ៉ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួនគាត់ទៀតផង មិនតែប៉ុណ្ណោះរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានអំពាវនាវឱ្យមានការជូនដំណឹងបន្ទាន់អំពីអ្នកនយោបាយ និងយោធាអាមេរិកចំនួន៣៦នាក់ រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។

រដ្ឋអាជ្ញាអ៉ីរ៉ង់លោក Qasi Mehr បាននិយាយថា ពួកគេទាំងនេះត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងអំពើភេរវកម្ម» ចំពោះការស្លាប់របស់លោកQassem Soleimani ដោយការវាយប្រហារពីដ្រូនមីស៉ីលរបស់អាមេរិកនៅទីក្រុងបាកដាតកាលពីថ្ងៃទី០៣ ខែមករាដើមឆ្នាំ២០២០។

ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចមានអំណាចទូលំទូលាយក្នុងបញ្ហាជម្លោះយោធាក្រោមរដ្ឋធម្មនុញ្ញប៉ុន្តែទោះយ៉ាងណាអ្នកជំនាញមួយចំនួននៅតែមានសំណួរថាវាត្រូវច្បាប់ឬទេ? សម្ព័ន្ធមិត្តអន្តរជាតិរបស់សហរដ្ឋអាមេរិក រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក៏បានរិះគន់ទង្វើរបស់លោក ដូណាល់ ត្រាំ នៅពេលនោះផងដែរ ដោយទីក្រុងប៊ែកឡាំងបានព្រមានថា អាមេរិកប្រថុយនឹងគ្រោះថ្នាក់ដែលកាន់តែកើនឡើងនៅក្នុងតំបន់។ ប៉ុន្តែយ៉ាងណាក៏ដោយខាងអង្គការអន្តរជាតិInterpol នៅមិនទាន់ឆ្លើយតបអ៉ីរ៉ង់ទេ ទោះបីអង្គការនេះមានសិទ្ធិក្នុងការមិនទទួលសំណើរបស់អ៉ីរ៉ង់ក៏ដោយ ខណៈអ្នកវិភាគក៏គិតថា Interpol នឹងមិនចូលដៃជាមួយអ៉ីរ៉ង់នោះទេ៕ដោយ៖ស តារា


ចែករំលែក៖