ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុនសែន៖ ប្លឹងរឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិតគឺនឹងត្រូវរំលាយចោលវិញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីរាជការដែលខិចលខូចឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងរិះរកល្បិចធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។នេះជាព្រមានធ្ងន់ៗជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

សូមជម្រាបថា៖ ការព្រមានធ្ងន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជម្លោះដីធ្លីនេះ គឺមានការឃុបឃិតរវាងមន្ត្រី និងលោកឧកញ៉ា សង ថន ដោយឃុបឃិតយកដីរបស់រដ្ឋ ហើយបែរជាបន្លំធ្វើឯកសារថាដីនោះជាដីស្របច្បាប់របស់ឧកញ៉ា ហើយកាត់ឆ្កៀលជូនប្រជាពលរដ្ឋទៅវិញ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីដោះស្រាយវិវាទដីធ្លីនេះ សម្តេចបានបញ្ជាទៅក្រសួងយុត្តិធម៌ ក្រុមមេធាវីរបស់សម្តេច ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីស៊ើបអង្កេតលើរឿងនេះ។ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ បានបញ្ជាទៅលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរៀបចំឯកសារពាក់ព័ន្ធលើវិវាទនេះដាក់ជូនគណៈរដ្ឋមន្ត្រីថែមទៀតផង។
ទន្ទឹមនឹងការលើកពីវិវាទដីធ្លីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ថា បញ្ហាដីធ្លីនេះដល់ពេលត្រូវជម្រះ និងត្រូវវះកាត់មន្ត្រីដែលខិលខូចហើយ។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពេីឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ»។
សារព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើមន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ ត្រូវទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ៕

ដោយ៖សិលា


ចែករំលែក៖