ភ្នំពេញ៖ លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានចេញដីកាកោះហៅមនុស្សទាំង ៤នាក់ក្នុងករណីខាងលើឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញី ដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវីផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពីបទប្រើប្រាស់អំពើហិង្សានិងក្លែងបន្លំឯកសារសាធារណៈ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរូបនោះ បានបញ្ជាក់ថាមនុស្សទាំង ៤នាក់ ដែលត្រូវចេញដីកាកោះហៅក្នុងនោះមានលោកចៅសង្កាត់ត្រពាំងក្រសាំង និងលោកចៅសង្កាត់រង ខណ្ឌពោធិ៍សែនជ័យព្រមទាំងមនុស្ស២នាក់ទៀត ក្នុងនោះម្នាក់មានតួនាទីជាអនុប្រធានភូមិក្រាំងប្រើប្រាស់អំពើហិង្សា លួចលក់អចលនវត្ថុអ្នកដទៃ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈដែលសង្ស័យថាផ្ដើមចេញពីរឿងទំនាស់ដីធ្លី។
លោក សាយ ណូរ៉ា បន្តថា អ្នកទាំង៤នាក់នេះ ទី១,ឈ្មោះ ហ៊ត រដ្ឋា ភេទប្រុស ជាចៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាសាក្សី) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល។ ទី២,ឈ្មោះ ស៊ឹមភូន ភេទប្រុស អាយុ៥៨ឆ្នាំ ជាចៅសង្កាត់រងសង្កាត់ត្រពាំងក្រសាំង មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល។ ទី៣, ឈ្មោះ ញ៉េង ចយ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក។ អ្នកទាំ៣ ត្រូវចូលខ្លួនទៅដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវី ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ដែលបានចោទពីបទប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត, ធ្វើឲ្យខូចខាតដោយចេតនា, លួចលក់អចលនវត្ថុអ្នកដទៃនិងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។
ចំណែកទី៤, ឈ្មោះ សួន សុខេន ភេទប្រុស ជាអនុប្រធានភូមិក្រាំងមានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល ដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវី ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពីបទក្លែងបន្លំឯកសារសាធារណៈ ។
ដោយឡែកពាក់ព័ន្ធករណីខាងលើនេះ អង្គភាពនគរដ្រេហ្គន បានទូរស័ព្ទ សុំការបំភ្លឺពីលោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាសាក្សី) កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ លោកបានបញ្ជាក់ថា លោកនិងចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដាខាងមុននេះ តាមពេលកំណត់ ។ ចំណែករឿងផ្សេងទៀតគាត់សុំមិននិយាយ ៕ ដោយ៖សុខា សែនជ័យ