ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបង្ក្រាបគ្រឿងញៀននៅឆមាសទី១និងដាក់ទិសដៅការងារឆមាសទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង៧ និង៣០នាទី នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់មន្ទីរប្រឆាំងគ្រឿងញៀន និងពិធីបំពាក់ឋានន្តរស័ក្តិ ដល់នាយ-នាយរងនគរបាលជាតិចំនួន ៥៩ រូប ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរមាន លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, សេនាធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ, នាយកដ្ឋាននគរបាលយុត្តិធម៌ ,នាយករងមន្ទីរ, លោកនាយការិយាល័យទាំង១១ចំណុះមន្ទីរ, នាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកស្នងការរងទទួលផែនមកពី២៥ ខេត្ត – រាជធានី សរុប១៤១រូប។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្តស្តីពីការងារប្រឆាំងការសម្អាតប្រាក់បានមកពីបទល្មើសគ្រឿងញៀន និងបានផ្តល់អនុសាសន៍ដឹកនាំដូចខាងក្រោម៖

 -គ្រឿងញៀន គឺជាបញ្ហាសកលនិងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។

-យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលរដ្ឋនៅក្នុងសហគមន៍ពេលដឹងថាកូនចៅមានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកនាយឧត្តមសេនីយ៍បានកោតសរសើរ និងលើកទឹកចិត្តឲ្យនគរបាលបង្រ្កាបគ្រឿងញៀនខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ថ្វីដ្បិតកិច្ចការនេះ វាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ៕

ដោយ៖ ស សម


ចែករំលែក៖