ព័ត៌មានទាន់ហេតុការណ៍៖

អតីតផលិតករ លោក ឧត្តម បញ្ញា ជម្នះប្រែក្លាយខ្លួនពីក្មេងកំព្រាក្លាយជាអ្នកជំនួញលេចធ្លោរ

ចែករំលែក៖

    ភ្នំពេញអតីតផលិតករភាពយន្ត លោក ឧត្តម បញ្ញា បានបាត់មុខពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ពិសេសគឺក្រោយពីគេទទួលដំណឹងថាអ្នកមានគុណរបស់លោកបានទទួលមរណភាពបន្តបន្ទាប់គ្នា។ ធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានជម្នះភាពលំបាកក្នុងជីវិតរហូតក្លាយទៅជាអ្នកជំនួញជោគជ័យម្នាក់។

មានអ្នកសិល្បៈមួយចំនួនធ្លាប់បានស្គាល់លោក ឧត្តម បញ្ញា គ្រាដែលលោកធ្លាប់បម្រើការងារមួយចំនួននៅក្នុងផលិតកម្ម និងក្រុមហ៊ុនដែលផលិតភាពយន្ត។ លោកបានបាត់មុខពីការងារសិល្បៈកាលពីអំឡុងដើមឆ្នាំ​២០១៧ ក្រោយពីលោកបាត់បង់មនុស្សជាទីស្រលាញ់បន្តបន្ទាប់គ្នា។ ថ្លែងប្រាប់ប្រវត្តិជីវិតខ្លះៗលោក ឧត្តម បញ្ញា មានវ័យ៣០ឆ្នាំ លោកមានទឹកដីកំណើតនៅខេត្តព្រះសីហនុ និងធ្វើដំណើរមករស់នៅភ្នំពេញជាមួយគ្រួសារចាប់តាំងពីវ័យកុមារមកម្ល៉េះ រៀននៅភ្នំពេញបណ្តើរត្រូវជួយធ្វើការងារផ្ទះនិងឆ្លៀតពេលទំនេរដើររើសអេតចាយ ជួយលក់ដូរអ្នកដទៃដើម្បីជួយគ្រួសារដែលមានជីវភាពលំបាក ព្រោះតែឪពុកធ្លាក់ខ្លួនមានជំងឺដេកនឹងកន្ទេល។ បញ្ចប់ការសិក្សាត្រឹមថ្នាក់បាក់ឌុប លោក បានចាប់ផ្តើមការងារជាច្រើន ក្នុងនោះការងារដែលលោកអាចឆាប់ចាប់បាននិងមានជំនាញទៅលើផ្នែកលក់នៅក្រុមហ៊ុនជាច្រើន។ ឆ្លៀតពីការងារលក់ លោកក៏បានស្គាល់ជាមួយអ្នកនិពន្ធម្នាក់ជាមិត្តភក្កិជិតដិត គឺលោក សោម ដូរ៉េ និងនាំលោកឲ្យក្លាយជាអ្នកនិពន្ធ និងដឹកនាំសម្តែងម្នាក់។ ក្នុងឆ្នាំ២០១៧ ជាឆ្នាំដែលស្ថិតក្នុងការចងចាំ គឺពេលដែលឪពុករបស់លោកបានស្លាប់បាត់បង់ជីវិត បាន១០ថ្ងៃ ម្តាយរបស់លោកក៏បានទទួលមរណភាពបន្ត ។ លោកថាពេលនោះគឺជាពេលដែលលោករន្ធត់ចិត្ត និងពិបាកចិត្តបំផុតក្នុងជីវិតព្រោះតែបាត់បង់អ្នកមានគុណព្រមៗគ្នា ហើយលោកពិតជាបាក់ទឹកចិត្ត និងលែងចង់ធ្វើការងារអ្វីទាំងអស់ព្រោះតែមនុស្សជាទីស្រលាញ់បំផុតក្នុងជិវិតចាកចោលលោកព្រមៗគ្នាដែលអ្នកណាក៏មិនអាចទទួលយកបានគឺបាត់បង់ទាំងភាពកក់ក្តៅ ទំនុកចិត្តនៅក្នុងខ្លួន។ លោកចាប់ផ្តើមពីចំណុចសូន្យព្រោះតែកម្លាំងចិត្ត និងទ្រព្យធនត្រូវបាត់បង់។ ប៉ុន្តែលោកភ្ញាក់ខ្លួន និងមានកម្លាំងចិត្តឡើងវិញ ក្រោយពីបងស្រីតែម្នាក់គត់របស់លោកបានផ្តល់កម្លាំងចិត្តលើកទឹកចិត្ត និងបន្តការងារជាភ្នាក់ងារផ្នែកលក់។ លោកតែងលើកកម្លាំងចិត្តខ្លួនឯង ថាមានមនុស្សជាច្រើនដែលបាក់ទឹកចិត្ត លំបាកវេទនាជាងយើងនិងគ្មានឪពុកម្តាយដូចយើងដែរហេតុអ្វីពួកគាត់នៅរស់បាន ដូចនេះលោកត្រូវតែប្រឹងប្រែងដើម្បីខ្លួនឯង និងបងស្រី។ លោកចាប់ផ្តើមបែកគំនិតពីការធ្វើការឲ្យអ្នកដទៃក្រោយពីលោកប្រឡូកការងារផ្នែកលក់ឲ្យក្រុមហ៊ុនដទៃ និងចាប់ផ្តើមការលក់ទំនិញដែលបានទទួលពីមិត្តភក្កិក្នុងក្រុម និងទទួលបានជោគជ័យខ្លះៗ ហើយទីបំផុតលោកក៏ចាប់បញ្ជាទិញទំនិញបោះដុំក្នុងប្រទេសមកលក់ខ្លួនឯង រហូតស្វែងយល់ពីការបញ្ជាទិញទំនិញក្រៅប្រទេសដើម្បីលក់ខ្លួនឯងវិញម្តង។ ផ្តើមអាជីវកម្មត្រឹមទឹកប្រាក់សន្សំប្រមាណ៥ពាន់ដុល្លារអាមេរិក លោក  ឧត្តម បញ្ញា ចាប់ផ្តើមបញ្ជាទិញទំនិញពីបណ្តាប្រទេសមួយចំនួនដូចជាប្រទេស ចិន ថៃ​វៀតណាមជាដើម។ អាជិវករវ័យក្មេងរូបនេះបញ្ជាក់ថាបច្ចុប្បន្នលោកមានហាងលក់ទំនិញបោះដុំ យីហោHD-Wholesale Store ដែលមានទីតាំងនៅផ្សារអូឡាំពិច​ដែលលោកបាននាំចូលសម្លៀកបំពាក់គ្រប់ប្រភេទរបស់នារី។ ថ្ងៃខាងមុខលោកគ្រោងនឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនឯង។

អ្វីដែលលោកចង់ចែករំលែកពីបទពិសោធន៍ជីវិតថា “ត្រូវធ្វើខ្លួនជាមនុស្សរឹងមាំ គិតថាគេអាចធ្វើវាបានយើងក៏អាចធ្វើវាបានហើយត្រូវចាប់ផ្តើមម្តងបន្តិចៗ និងត្រូវចេះចាប់យកឱកាស តោងឱកាសបម្លែងខ្លួនឲ្យកាន់តែឈានឡើង កុំផ្តេកផ្តួលទៅតាមព្រេងវាសនា ព្រោះថាអ្នកក្រក៏មានការគិត មានដៃមានជើងដែលអាចស្វែងរកទ្រព្យបានដូចអ្នកមានជីវភាពធូធារបានដែរគឺត្រូវតែប្រឹងទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ”៕ដោយ៖វឌ្ឍនា


ចែករំលែក៖