ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនបាននៅថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២០នាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះ ទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ ដោយសារតែបុរសសង្ស័យរូបនេះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរកម្មករសំណង់។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។
វត្ថុតាងដកហូតបានមាន ទូរស័ព្ទ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។
ប្រភពដដែលបន្តថា កន្លងមកនារីរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យប្រើប្រាស់អាក់ខោនហ្វេសប៊ុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហាជាមួយគ្នា រហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១០:០០នាទី នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក ដើម្បីមកផ្ទះសំណាក់ម្តុំផ្សារដើមគ(មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណៈដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពរបស់ខ្លួន និងនារីរងគ្រោះក្នុងសភាពអាក្រាតកាយទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។រហូតមកដល់ថ្ងៃទី៦ ខែមេសាឆ្នាំ២០២០ ដោយសារតែជនសង្ស័យឈ្មោះង៉ែត សូផាត បានប្រើពាក្យសម្តីមាក់ងាយដល់នារីរងគ្រោះ ទើបនាងព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាក់ខោនហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកចោលដែរ។ ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍មក មកដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ជនសង្ស័យ បានឆាតរូបអាក្រាតកាយរបស់នារីរងគ្រោះនោះចូលក្នុងអាក់ខោនហ្វេសប៊ុករបស់ក្មួយប្រុសនារីរងគ្រោះនិងមិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យប្រមាថមើលងាយទៅលើនារីរងគ្រោះទៀតផង រហូតបែកធ្លាយដល់នារីរងគ្រោះដឹងថា ជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន ក៏ដាក់ពាក្យបណ្ដឹង ប្តឹងទៅនគរបាលជំនាញខេត្តកណ្ដាល បានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចថតរូបអាសអាភាស ពេលដេកជាមួយជនរងគ្រោះ និងផ្ញើរូបភាព និងសារជាសំឡេងបរិហារកេរ្ដិ៍ ទៅឲ្យបងប្អូន មិត្ដភក្តិជនរងគ្រោះបានឃើញប្រាកដមែន មូលហេតុដោយសារជនរងគ្រោះបានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន៕ ស្អាងជ័យ