ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ បន្ទាប់ជនរងគ្រោះដាក់ជណ្ដើរឡើងកាប់ធាងដូងលើដំបូលផ្ទះ ហើយបានរអិលជើងធ្លាក់ជុងនឹងចុងបង្គោលរបង ។
ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចត្រង់ក្បែសំយាបផ្ទះ ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថាជនរងគ្រោះ(ស្លាប់)ឈ្មោះ នួន ចំរ៉ុង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានខាងលើបន្តថា យោងតាមការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ(នួន ចំរ៉ុង)បានយកជណ្ដើរដាក់ឡើងកាប់ធាងដូងដែលធ្លាក់ប៉ះដំបូលផ្ទះ ខណៈនោះបានរអិលជើងធ្លាក់ជុងនឹងចុងបង្គោលរបងបណ្ដាលឲ្យរងរបួស ភ្លាមៗនោះក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសល់បានស្លាប់បាត់ទៅហើយ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីគ្រោះថ្នាក់មានមនុស្សស្លាប់នេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន សហការចុះពិនិត្យ និងស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន