ខេត្តពោធិ៍សាត់៖ ដើមខែកក្កដា ឆ្នាំ២០២០ នេះ គេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកងកំលាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសនេសាទច្រើនគួរសម នៅស្រុកកណ្ដៀង និងស្រុកក្រគរ ប៉ុន្មានទន្ទឹមនឹងនោះដែរកន្លែងខ្លះកើតឡើងទ្វេរដង ។
ជាក់ស្ដែង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ឯនេះវិញ គ្រាន់តែចំណុចមាត់ពាមព្រែកក្អមសំណនៃបឹងទន្លេសាប(ក្នុងមូមិរបស់ពួកគាត់ផ្ទះ)កើតឡើងស្ទើរតែរកចន្លោះបើកកាណូតអត់បាន និយាយរួមរបាំងស្បៃមុងដែលមន្រ្តីជំនាញទើបនឹងចុះធ្វើកិច្ចសន្យាតែម្ដង គេមើលទ្រោះៗរាប់រយខ្សែឯណុះ ឃើញតែមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធចេញចូលៗដែរ ប៉ុន្តែពុំឃើញមានការបង្រ្កាបនៅឡើយនោះទេ ។
សេចក្តីរាយការណ៍ដដែលបន្តទៀតថា ទឹកភ្លៀងហូរតាមព្រែកពីស្រុកខាងលើៗនៃខេត្តពោធិ៍សាត់ ចូលមកបឹងទន្លេសាបបន្តិចបន្ទួចដែរ បញ្ហានេះហើយដែលធ្វើឲ្យត្រីនៅសល់បន្តិចបន្ទួចរិះរកកន្លែងឡើងពងកូន បើបែជាឧបករណ៍ចាប់ត្រីស្ទាក់ខ្វែងខ្វាត់បែបនេះទៅជាយ៉ាងណា ពួកគាត់សំណូមពរទៅមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន មេត្តាជួយយកចិត្តទុកដាក់ផងទាន ៕ ដោយ៖ បុឹម ពិន