ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិវត្ត÷វត្តវិហារសួគ៌

ចែករំលែក៖

ខេត្តកណ្តាល៖វត្តវិហារសួរ(សួគ៌)ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ ១ ឮ​កិត្តិ​នាម​ពេញ​ប្រទេស​កម្ពុជា តាំង​ពី​អតីត​កាល​​រហូត​មក​ដល់​បច្ចុប្បន្នកាល​នេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជា​ច្រើន ។ រៀង​រាល់​ឆ្នាំ ក្នុង ១ ឆ្នាំ​ៗ តែង​មាន​មហា​ជន​រាប់​ពាន់​នាក់​ទៅ​បូជា​បែរ​បន់​តាម​ប្រាថ្នា​ផ្សេងៗ ទាំង​ព្រះរាជា​ព្រះរាជ​វង្សា-នុវង្ស នាហ្មឺន​សព្វ​មុខ​មន្ត្រី ក៏​តែង​ស្ដេច​យាង តែង​អញ្ជើញ​ទៅ​បូជា​បួងសួង​នៅ​ទី​នោះ​ដែរ ។

វត្ត​វិហារ​សួរ មាន​ដើម​កំណើត​ជា​ព្រះរាជ​ទ្រព្យ ដែល​ព្រះរាជា​បក្សី​ចាំ​ក្រុង​ទ្រង់​សាង ទុក​ជា​អនុស្សាវរីយ៍ ត្រង់​ទី​ដែល​តា​គហ៊េ​តើន​ព្រះ​អង្គ​ឡើង​សួរ សឹង​មាន​តែង​ទុក​ជា​ប្រវត្តិ​នៃ​វិហារ​ដូច​តទៅ

តាម​របា​ក្សត្រ​ដែល​មាន​ចារឹក​ទុក​មក​ ក្នុង​ព្រះរាជ​ពង្សាវតារ​ប្រទេស​កម្ពុជា ថា ” វត្ត​វិហារ​សួរ ” កើត​ឡើង​ក្នុង​រជ្ជកាល​ទី ១៩ គឺ​រជ្ជកាល ព្រះ​បាទ​បក្សី​ចាំ​ក្រុង ជា​ព្រះរាជា​ប្រទេស​កម្ពុជា​គង់​នៅ​នគរ​វត្ត ក្នុង​ពុទ្ធ​សករាជ​រវាង ១៥៧២ គ្រិស្ត​សករាជ​រវាង ១០២៨ ឬ ២៩ ព្រះ​អង្គ​បាន​ផ្ដើម​កសាង​ទុក​ជា​អនុស្សាវរីយ៍ រំលឹក​ពេល​ដែល​ព្រះ​អង្គ​រត់​ទ័ព​ជាមួយ​តា​គហ៊េ ។

រឿង​រ៉ាវ​ដើម​ហេតុ​នាំ​ឲ្យ​មានការ​រត់​ទ័ព​នេះ មាន​ដំណាល​ថា

កាល​ដែល​ព្រះ​បាទ​ចក្រពត្រ ព្រះ​រាជា​ប្រទេស​កម្ពុជា​រជ្ជកាល​ទី ១៦ ទ្រង់​ព្រះ​ទិវង្គត​ទៅ បុរស​ម្នាក់​ឈ្មោះ​ដំបង​គ្រញូង​មាន​រឹទ្ធិ​ខ្លាំង​ពូកែ​បាន​សោយ​រាជ្យ​ជា​រជ្ជកាល​ទី ១៧ ឡើង បង្គាប់​ឲ្យ​ធ្វើ​គុត​ព្រះរាជវង្សានុវង្ស​មុន ។

កាល​នោះ មាន​ព្រះម្នាង​ម្នាក់​ទ្រង់​ព្រះ​គភ៌​ពុំ​ទាន់​គ្រប់​ខែ ភៀស​ខ្លួន​ជា​រាស្ត្រ​សាមញ្ញ​ចេញ​ទៅ​នៅ​ស្រុក​ក្រៅ សំណាក់​ជា​មួយ​តា​គហ៊េ និង​យាយ​លាក់ ជា​ស្វាមី​ភរិយា ។ លុះ​ព្រះ​គភ៌​គ្រប់ ខែ ១០ ក៏​សម្ភព​ព្រះ​រាជ​បុត្រា ១ ព្រះ​អង្គ ប្រកប​ដោយ​លក្ខណៈ​ល្អ មាន​លាយ​លក្ខណ៍​កង​ចក្រ​នៅ​បាត​ព្រះ​ហស្ត​និង​បាត​ព្រះ​បាទ ។ តា​គហ៊េ និង​យាយ​លាក់​ស្រឡាញ់​ណាស់ ថ្នាក់​ថ្នម​ដូច​កូន​បង្កើត ។ ថ្ងៃ​មួយ តាយាយ​នឹង​ព្រះ​ម្នាង​ទៅ​ច្រូត​ស្រូវ បាន​ផ្ដេក​​ព្រះរាជ​កុមារ​ក្រោម​ម្លប់​ឈើ ១​ដើម ។ លុះ​កម្ដៅ​ថ្ងៃ​ចាំង​មក​ត្រូវ​ព្រះរាជ​កុមារ មាន​សត្វ​បក្សី ១ មក​កាង​ស្លាប​ក្រុង​បាំង​ពី​លើ​មិន​ឲ្យ​ត្រូវ​ថ្ងៃ ។ តា​គហ៊េ​ស្មាន​ថា​សត្វ​ចឹក​ចៅ រត់​ទៅ​មើល បក្សី​នោះ​ហើរ​បាត់​ទៅ ។ តា​គហ៊េ​នឹក​សរសើរ​ថា កូន​នោះ​មាន​បុណ្យ​អស្ចារ្យ​ណាស់ ក៏​ថ្វាយ​ព្រះ​នាម​ថា ” បក្សី​ចាំ​ក្រុង ” ។

តមក កាល​ព្រះ​បាទ​ព្រហ្មកិល (ពញាក្រែក) រជ្ជកាល​ទី ១៨ ទ្រង់​សោយរាជ្យ​ឡើង ទ្រង់​បាន​ជ្រាប​ទំនាយ​តាម​ពួក​ហោរា​ទាយ​ថ្វាយ​ថា ” មាន​អ្នក​មាន​បុណ្យ​កើត​ក្នុង​ត្រកូល​ក្សត្រ បាន​ព្រះ​ជន្ម ៧ ឆ្នាំ ហើយ​ភៀស​ខ្លួន​ជា​រាស្ត្រ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នេះ អ្នក​មាន​បុណ្យ​នោះ​មាន​កង​ចក្រ​នៅ​បាត​ដៃ​បាត​ជើង ” ទ្រង់​ក៏​យក​ក្មេងៗ អាយុ ៧ ឆ្នាំ ដែល​មាន​ក្នុង​ព្រះ​នគរ​ទាំង​ប៉ុន្មាន មក​ផ្ដិត​ដៃ​លើ​ម្សៅ​ចង្អេរ ដើម្បី​ទ្រង់​ពិនិត្យ​រក​កង់​ចក្រ ។ តា​គហ៊េ​ភ័យ​ក៏​ព​បក្សី​ចាំ​ក្រុង​រត់​ចេញ ។ ព្រះ​រាជា​ទ្រង់​ចាត់​ទ័ព​តាម​ចាប់ ។

ហេតុ​តែ​បុណ្យ​បារមី​បក្សី​ចាំ​ក្រុង កង​ទ័ព​ដេញ​តាម​ពុំ​ទាន់ រក​ពុំ​ឃើញ ។ តា​គហ៊េ​បញ្ជិះ​បក្សី​ចាំ​ក្រុង​លើ​ស្មា ដើរ​កាត់​ព្រៃ​ទៅ​ផ្ទះ​គាត់ ដល់​ហើយ​គាត់​ទូល​បក្សី​ចាំ​ក្រុង​ថា ” បា​គង់​នៅ​ទី​នេះ​ចុះ ចាំ​តា​ទៅ​កៀង​គោ​បញ្ចូល​ក្រោល​សិន ” ហើយ​គាត់​ចោល​ដំបង​ដេញ​គោ ដំបង​បាត់​ក្នុង​ទឹក​អូរ រក​ពុំ​ឃើញ​បាន​ជា​នោះ​មាន​ឈ្មោះ​ថា ” អូរ​ដំបង ” នៅ​ក្នុង​ខេត្ត​បាត់​ដំបង សព្វ​ថ្ងៃ​នេះ ។

បន្ទាប់​ពី​នេះ តា​គហ៊េ​ព​បក្សី​ចាំ​ក្រុង​រត់​កាត់​ព្រៃ​ទៅ​ដល់​ទួល​១ មាន​ដើម​រលួស​ម្លប់​ត្រឈៃ​ល្អ ក៏​ឈប់​សម្រាក​ដេក​នៅ​ទី​នោះ បាន​ជា​ទី​នោះ​ហៅ​ថា ” ភូមិ​រលួស ” នៅ​ក្នុង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប​សព្វ​ថ្ងៃ​នេះ ។

លុះ​ព្រឹក​ឡើង​រត់​ដោះ​ពី​ទីនោះ ចូល​ទៅ​ក្នុង​ព្រៃ​ប្រទះ​នឹង​ព្រែក ១ មាន​ទឹក​ខណ្ឌ​ផ្លូវ តា​គហ៊េ​បាន​ឃើញ​ម្នាក់​ឈ្មោះ ជីក្រែង ជិះ​ទូក​ស្ទូច​ត្រី​ក៏​ឲ្យ​ចម្លង បាន​ជា​ជាប់​ឈ្មោះ​ទី​នោះ​ថា “ភូមិ​ជីក្រែង” ស្រុក​ជីក្រែង ” នៅ​ក្នុង​ខេត្ត​សៀមរាប​សព្វ​ថ្ងៃ​នេះ ។

ក្រោយ​ពី​នោះ​មក រត់​មក​ដល់​ភ្នំ​មួយ ជួប​នឹង​តា​ម្នាក់​ឈ្មោះ ម៉ឹង តា​ម៉ឹង​សួរ​តា​គហ៊េ​ថា “តា​នាំ​ចៅ​ទៅ​ណា?“ ។ តាគហ៊េ​ប្រាប់​ថា “ខ្ញុំ​មាន​អាសន្ន មាន​ទុក្ខ​ធំ​ណាស់ អត់​ទាំង​ស្បៀង​អាហារ​ផង” ។ តា​ម៉ឹង​ឲ្យ​តា​គហ៊េ​ពួន​នៅ​ចាំ​ភ្នំ​នោះ ខ្លួន​គាត់​ទៅ​យក​អាហារ​មក​ឲ្យ​បរិភោគ ហើយ​ឲ្យ​ជា​ស្បៀង​តាម​ផ្លូវ​ផង បាន​ជា​ភ្នំ​នោះ​ឈ្មោះ​ថា “ភ្នំ​អាសន្ន​ទុក្ខ” ដែល​ក្លាយ​មក​ជា ភ្នំ​សន្ទុក ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ សព្វ​ថ្ងៃ​នេះ ។

ត​ពី​នោះ តា​គហ៊េ​និង​បក្សី​ចាំ​ក្រុង ដោយ​សារ​ទូក​គេ​ឆ្លង​កាត់​ទី​ទំនាប​ទឹក​មក​ដល់​ខេត្ត​ជើង​ព្រៃ កង​ទ័ព​លើក​មក​តាម​ជិត​ទាន់ តា​គហ៊េ​ក៏​នាំ​បក្សី​ចាំ​ក្រុង​វេះ​ពួន​ក្នុង​ព្រៃ ១ វេលា​យប់ ព្រៃ​នោះ​មាន​មូស​ច្រើន បក្សី​ចាំ​ក្រុង​បួង​សួង​ថា “បើ​ខ្ញុំ​មាន​បុណ្យ​សូម​កុំ​ឲ្យ​មាន​មូស​ក្នុង​ទី​នេះ” ។ ដោយ​អានុភាព​ព្រះ​រាជ​កុមារ មូស​ក៏​បាត់​អស់​ទៅ ទើប​ទីនោះ​មាន​ឈ្មោះ​ថា ” ទួល​គហ៊េ ” នៅ​ក្នុង​តំបន់​រកាកោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល​សព្វ​ថ្ងៃ​នេះ ។

លុះ​ព្រឹក​ឡើង តា​គហ៊េ​ក៏​នាំ​បក្សី​ចាំ​ក្រុង​រត់​ទៅ​ទៀត ដល់​មាត់​ទន្លេ​ប្រុង​នឹង​ឆ្លង​ទៅ​ត្រើយ​ខាង​ត្បូង តែ​រក​ទូក​ឆ្លង​គ្មាន បក្សី​ចាំ​ក្រុង​ផ្សង​បារមី​ថា “បើ​ខ្ញុំ​ត្រូវ​បាន​សោយរាជ្យ​ហើយ​បាន​ទំនុក​បម្រុង​ពុទ្ធសាសនា​មែន សូម​ឲ្យ​ដើម​រកា​នៅ​ត្រើយ​ខាង​ជើង​កោង​ទៅ ដើម​ល្វា​នៅ​ត្រើយ​ខាង​ត្បូង​ទេរ​មក ” ។ ដើម​ឈើ​ទាំង​ពីរ​នោះ​ក៏​កោង​ទៅ ទេរ​មក​ដូច​ប្រណិធាន ។

តា​គហ៊េ ក៏​បក្សី​ចាំ​ក្រុង​ឆ្លង​តាម​ឈើ​ទាំង​ពី​នោះ​ទៅ ដើម​ឈើ​ទាំង​ពីរ​ក៏​ងើប​ឡើង​ដូច​ដើម​វិញ ទើប​ទី​ត្រើយ​ខាង​ជើង​ឈ្មោះ​ថា “រកាកោង“ នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ទី​ត្រើយ​ខាង​ត្បូង​ឈ្មោះ​ថា ” ល្វា​ទេរ ” នៅ​ស្រុក​ស្រី​សន្ធរ នៅ​ខេត្ត​កំពង់​ចាម សព្វ​ថ្ងៃ​នេះ ។

លុះ​តា​គហ៊េ​នាំ​រត់​ទៅ​ត្រើយ​ខាង​ត្បូង​ដល់​ទួល ១ ប្រប​ឆ្នេរ​បឹង​បាន​កាប់​មែក​ជ្រៃ​ដោត​ធ្វើ​សម្រប់​ស្រប់​សម្រាក​កម្លាំង​នៅ​ទី​នោះ បក្សី​ចាំ​ក្រុង​ក៏​និទ្រា​លក់​ក្រោម​ម្លប់​សម្រប់​នោះ ។ កំពុង​តែ​លក់​ស្រួល​ស្រាប់​តែ​ហ្វូង​សត្វ​តាដក់​រនាល​ទុង​ជា​ច្រើន ដែល​ចុះ​រក​ស៊ី​ក្នុង​បឹង​នោះ វា​ផ្អើល​អ៊ូ​ឡើង​ឮ​សន្ធឹក​ជា​ខ្លាំង តា​គហ៊េ​ឮ​សព្ទ​ស្មាន​ថា​ជា​កង​ទ័ព ក៏​ស្ទុះ​តើន​ព្រះ​កុមារ​សួរ​ថា ” នែ​ចៅ! ឮ​សូរ​អ្វី​ខ្លាំង​ម្ល៉េះ?” ។ ព្រះ​រាជ​កុមារ​តើន​ឡើង​ភ័យ​ណាស់​​ស្មាន​កង​ទ័ព ក៏​ស្ទុះ​ឡើង​មែក​ជ្រៃ​ដែល​ដោត​ធ្វើ​សម្រប់​នោះ ឈរ​មើល​គ្រប់​ទិស​មិន​ឃើញ​កង​ទ័ព ឃើញ​តែ​សត្វ​ហើរ​ដេរដាស ក៏​បាត់​ភ័យ​ទៅ​វិញ ។ មែក​ជ្រៃ​នោះ​រស់​នៅ​រៀង​រាប​ដរាប​មក នៅ​ខាង​ត្បូង​វត្ត​វិហារ​សួរ​សព្វ​ថ្ងៃ​នេះ ។ លំដាប់​ពី​នោះ តា​គហ៊េ​នាំ​បក្សី​ចាំ​ក្រុង​រត់​ឆ្លង​ទន្លេ​ដោយ​ទូក​ទៅ​ត្រើយ​ខាង​លិច​ទៅ​ពួន​នៅ​គុហា​ភ្នំ​ប្រសិទ្ធិ ខេត្ត​សំរោងទង​ចាស់ ដែល​ជា​ស្រុក​ពញាឮ ខេត្ត​កណ្ដាល សព្វ​ថ្ងៃ​នេះ ។ កង​ទ័ព​តាម​ទៅ​បៀតបៀន​ពុំ​បាន​ឡើយ ។

លុះ​ព្រះ​បាទ​ព្រហ្មកិល (ពញាក្រែក) សោយ​រាជ​បាន ២០ ឆ្នាំ ទ្រង់​ព្រះ​ទិវង្គត​ទៅ នា​ហ្មឺន​សព្វ​មុខ​មន្ត្រី​ដឹង​ថា បក្សី​ចាំ​ក្រុង​រាជ​កុមារ​មាន​បុណ្យ​អស្ចារ្យ គង់​ភ្នំ​ប្រសិទ្ធិ ក៏​អញ្ជើញ​ទ្រង់​មក​សោយ​រាជ​សម្បត្តិ​ត​ទៅ ។

កាល​បក្សី​ចាំ​ក្រុង​រាជ​កុមារ​បាន​សោយរាជ្យ​ឡើង ទ្រង់​តាំង​តា​គហ៊េ​នឹង​យាយ​លាក់​ជា​ព្រះ​អយ្យកោ​ព្រះ​អយ្យិកា​ធម៌ ។ ទ្រង់​ឲ្យ​សាង​ប្រាសាទ​១ ទ្រង់​ទី​ដែល​ឃើញ​ទង់​ជ័យ​វែង​លលៃ​នៃ​កង​ទ័ព ដែល​លើក​ដេញ​តាម​ជា​ដំបូង ហៅ​ថា ” ប្រាសាទ​លលៃ ” ។ ទ្រង់​ឲ្យ​សាង​ប្រាសាទ ១ ត្រង់​តា​គហ៊េ​ថា “បា​គង់​សិន” ហៅ​ថា “ប្រាសាទ​បាគង់” ដែល​ក្លាយ​មក​ជា “ប្រាសាទ​បាគង” នៅ​ខេត្ត​សៀមរាប សព្វ​ថ្ងៃ​នេះ ។ ទ្រង់​ឲ្យ​សាង​ប្រាសាទ ១ ទៀត​នៅ​ក្រោល​គោ​របស់​តា​គហ៊េ​ហៅ​ថា “ប្រាសាទ​បាគោ” នៅ​ខេត្ត​សៀមរាប សព្វ​ថ្ងៃ​នេះ ។ ទ្រង់​ឲ្យ​សាង​ព្រះ​វិហារ ១ នឹង​ព្រះ​ពុទ្ធ​បាទ ១ នៅ​ភ្នំ​អាសន្ន​ទុក្ខ​លើក​តា​ម៉ឹង​ជា​ចៅហ្វាយ​ស្រុក​រក្សា​ទីនោះ ។ ទ្រង់​ឲ្យ​សាង​វិហារ​១ តម្កល់​ព្រះ​ពុទ្ធ​បដិមាករ ១ ព្រះ​អង្គ ត្រង់​ទី​ដែល​ដោត​មែក​ជ្រៃ​ធ្វើ​សម្រប់ គឺ​ទី​ដែល​តា​គហ៊េ​តើន​ទ្រង់​សួរ​ពី​សូរ​សព្ទ​ហ្វូង​សត្វ​ស្មាន​ថា​កង​ទ័ព​នោះ ហៅ​ថា ” វត្ត​វិហារ​សួរ ” ទើប​ជាប់​មាន​នាម​ថា ” វត្ត​វិហារ​សួរ ” ជា​បូជនីយដ្ឋាន​ដ៏​ស័ក្ដិ​សិទ្ធ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ឯ​តា​គហ៊េ និង​យាយ​លាក់​នោះ លុះ​ចាស់​ជរា​ទទួល​មរណភាព​តាម​លំដាប់​គ្នា​ទៅ ព្រះ​រាជា​ទ្រង់​ឲ្យ​ធ្វើ​បុណ្យ​រំលាយ​សព្វ ហើយ​ទ្រង់​ឲ្យ​យក​ធាតុ​តា​គហ៊េ​ទៅ​បញ្ចុះ​នៅ​ទី​ដែល​ផ្សង​មិន​ឲ្យ​មាន​មូស ទើប​ទី​នោះ​មាន​ឈ្មោះ​ថា ” ទួល​គហ៊េ ” នៅ​តំបន់​រកាកោង ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​ សព្វ​ថ្ងៃ​នេះ ។

ឯ​ធាតុ​យាយ​លាក់ ទ្រង់​ឲ្យ​យក​ទៅ​បញ្ចុះ​នៅ​ប្រាសាទ​បាគោ ក្នុង​ខេត្ត​សៀមរាប ព្រោះ​ភូមិ​នោះ​ជា​ទី​ភូមិ​របស់​គាត់​នៅ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖