ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប Nashville SC ដកខ្លួនចេញពីការប្រកួតលីកកំពូលអាមេរិក MLS ដោយសារការបារម្ភបញ្ហាកូវីដ-១៩

ចែករំលែក៖

បរទេស៖ ការប្រកួតបាល់ទាត់លីកកំពូលអាមេរិក (MLS) បានប្រកាសថា ក្លឹបNashville SC ត្រូវបានដកខ្លួនចេញពីការប្រកួតលីកកំពូលមួយនេះហើយ បន្ទាប់ពីក្លឹបនេះត្រូវបានរងការវាយប្រហារដោយការរីករាលដាលនៃជំងឺកូវីដ-១៩។

ស្ថាប័នលីកកំពូលអាមេរិកបានបញ្ជាក់ថា ចាប់តាំងពីការប្រកួតត្រូវចាប់ផ្តើមឡើងវិញ និងលេងដោយគ្មានអ្នកគាំទ្រនោះ កីឡាករចំនួន៩ នាក់របស់ក្លឹប Nashville SC បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើឲ្យក្លឹបមួយនេះផ្អាកការចូលរួមប្រកួតតែម្តង។

ស្ថាប័នលីកកំពូលអាមេរិកបានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់សុខភាពរបស់កីឡាករ និងបុគ្គលិកទាំងអស់ដែលចូលរួមក្នុងការប្រកួតនេះនិងស្របតាមពិធីសារដែលត្រូវបានបង្កើតឡើងដោយមានសេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលក្នុងតំបន់ និងថ្នាក់ជាតិ ព្រមទាំងអ្នកជំនាញជំងឺឆ្លងរបស់អាមរិក។

មន្ត្រីជាន់ខ្ពស់ស្ថាប័ន MLS លោក Don Garber បាននិយាយថា ក្លឹប Nashville SC បានដកខ្លួនចេញពីការប្រកួតដណ្តើមពានរង្វាន់ MLS សម្រាប់រដូវកាលនេះ ដោយសារតែចំនួននៃការធ្វើតេស្តវិជ្ជមានទៅលើកីឡាកររបស់ក្លឹបនេះមិនអាចហ្វឹកហាត់បាន ហើយមិនអាចលេងបានដោយសារកីឡាករមួយចំនួនធំខ្លាចឆ្លងជំងឺកូវីដ-១៩។

លោក Don Garber បានបន្តថា រាល់ការសម្រេចចិត្តដែលយើងធ្វើសម្រាប់ការប្រកួតត្រលប់មកវិញនេះគឺសុខុមាលភាពរបស់កីឡាករបុគ្គលិក មន្រ្តី និងអ្នកចូលរួមទាំងអស់ដែលជាអាទិភាពចម្បងរបស់លីកMLS

សូមបញ្ជាក់ថា ក្រៅពីក្លឹប Nashville SC ត្រូវបានដកខ្លួនចេញរដូវកាលនេះ ក្លឹប Dallas ក៏ត្រូវបានគេរាយការណ៍ថា បានដកខ្លួនចេញកាលពីដើមសប្តាហ៍នេះដែរ បន្ទាប់ពីកីឡាករជាច្រើនបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩

ការប្រកួតដណ្តើមពានរង្វាន់លីកកំពូលអាមេរិក MLS បានវិលត្រឡប់មកវិញបន្ទាប់ពីផ្អាកតាំងពីដើមខែមីនា ដែលចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី៨ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ដើម្បីបញ្ចប់រដូវកាល ៕ដោយ៖ភារៈ


ចែករំលែក៖