បរទេស៖ អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Gael Kakutaបានយល់ព្រមចូលរួមជាមួយក្លឹប RC Lens ដែលជាក្រុមរបស់ក្របខ័ណ្ឌកំពូលបារាំង Ligue 1 ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីល្ងាចថ្ងៃសុក្រ ទី១០ កក្កដាកន្លងទៅ។
កីឡាករសញ្ជាតិកុងហ្គោវ័យ២៩ឆ្នាំរូបនេះក៏ធ្លាប់បានចុះហត្ថលេខាជាមួយនឹងក្លឹបរបស់គាត់ក្នុងការខ្ចីជើងសម្រាប់មួយរដូវកាលពីក្លឹបAmiens ដែលត្រូវបានកាត់ចោលទៅលេងលីកលំដាប់ទី២របស់បារាំង។ ពេលចូលរួមជាមួយក្រុម RC Lens កីឡាករ Gael Kakuta បាននិយាយថា “នេះជាកន្លែងដែលខ្ញុំបន្តបង្កើនសមត្ថភាពខ្ញុំ។ ខ្ញុំតែងតែចង់លេងឱ្យក្រុម RC Lens ដែលនៅលីកកំពូលបារាំង”។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Gael Kakuta បានលេងឲ្យក្លឹប Chelsea ក្នុងឆ្នាំ២០០៧ក្នុងក្រុមយុវជន ហើយបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមយុវជន។ កីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្រុមឈុតធំដំបូងនៅឆ្នាំ២០០៩។ កីឡាកររូបនេះក៏ធ្លាប់បានចូលរួមជាមួយក្រុមចិន Hebei របស់លីកកំពូលចិន Chinese Super League ក្នុងឆ្នាំ២០១៦ និងបង្ហាញខ្លួនបាន២៤ដង រកគ្រាប់បាល់បាន៦គ្រាប់ មុនពេលផ្ទេរមកកាន់ក្លឹប RC Lens របស់បារាំង ៕ដោយ៖ភារៈ