តារាជិះស្គីលើទឹកកកដ៏ស្រស់ស្អាតសញ្ជាតិអាមេរិក Alysa Liu ដែលត្រូវបានគេហៅថា “ទេពអប្សរលើទឹកកក” បានឈ្នះមេដាយមាស 2 គ្រឿងនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ និងទាក់ទាញអ្នកតាមដានថ្មីរាប់លាននាក់លើបណ្តាញសង្គមរបស់នាង។
តាមការរាយការណ៍របស់ទស្សនាវដ្តី Newsweek ចំនួនអ្នកតាមដាន Instagram របស់នាងបានឈានដល់ 6.2 លាននាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីការប្រកួតនៅអូឡាំពិកក្នុងខែនេះ។
Liu អាយុ 20 ឆ្នាំ មានអ្នកតាមដានតិចជាង 300,000 នាក់ មុនពេលចាប់ផ្តើមអូឡាំពិក តាមការរាយការណ៍របស់ Fox News។
នាងបានឈ្នះមេដាយមាសលើកដំបូងនៅថ្ងៃទី 8 ខែកុម្ភៈ ជាមួយក្រុម Team USA ក្នុងវិញ្ញាសាក្រុម។ នៅថ្ងៃទី 19 ខែកុម្ភៈ នាងបានទាក់ទាញការចាប់អារម្មណ៍ពិភពលោកក្នុងវិញ្ញាសា Women’s Singles Free Skate។ នាងបានឡើងពីចំណាត់ថ្នាក់ទី ៣ មកឈ្នះជើងឯក និងនាំឲ្យសហរដ្ឋអាមេរិកឈ្នះមេដាយមាសអូឡាំពិកក្នុងវិញ្ញាសានេះជាលើកដំបូងក្នុងរយៈពេល ២៤ ឆ្នាំ។
ការសម្តែងរបស់នាងបានក្លាយជាវីដេអូចែកចាយលើបណ្តាញសង្គមយ៉ាងច្រើន ធ្វើឲ្យនាងក្លាយជាអត្តពលិកាម្នាក់ដែលមានអ្នកតាមដានច្រើនបំផុតក្នុងព្រឹត្តិការណ៍នេះ។
វេទិកាវិភាគបណ្តាញសង្គម Metricool បានឲ្យដឹងថា នាងមានអត្រាកើនអ្នកតាមដានខ្ពស់បំផុតក្នុងចំណោមអត្តពលិកាអូឡាំពិកទាំងអស់។ គិតត្រឹមថ្ងៃទី 17 ខែកុម្ភៈ អ្នកតាមដានរបស់នាងកើនឡើង 357% ហើយបន្ទាប់ពីឈ្នះវិញ្ញាសា Women’s Singles វាបានកើនឡើងបន្ថែម 900% ទៀត។
ការសម្តែងដ៏ល្អ អាកប្បកិរិយាវិជ្ជមាន និងការវិលត្រឡប់មកប្រកួតវិញបន្ទាប់ពីចូលនិវត្តន៍រយៈពេល 2 ឆ្នាំ បានរួមចំណែកធ្វើឲ្យនាងមានប្រជាប្រិយភាពខ្លាំង។ នៅចុងសប្តាហ៍ នាងបានបង្ហោះរូបថតលើ Instagram ជាមួយមេដាយមាសទាំងពីរ និងសរសេរថា៖ «មេដាយទាំងនេះ សម្រាប់អ្នកទាំងអស់គ្នា»។
ក្នុងបទសម្ភាសន៍ជាមួយ NBC កីឡាការិ នីLiu បាននិយាយថា នាងមិនមានគម្រោងចូលនិវត្តន៍ទេ ហើយអាចនឹងមានគោលដៅចូលរួមអូឡាំពិករដូវរងាឆ្នាំ 2030 នៅភ្នំ Alps ប្រទេសបារាំង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច