កំពង់ស្ពឺ៖ ទន្សោងមេមួយក្បាល មានទម្ងន់ប្រហែល ៦០០–៧០០គីឡូក្រាម ត្រូវបានជនល្មើសមួយក្រុម ជិះរថយន្តទំនើប និងប្រើកាំភ្លើងបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងចំនួន ៥គ្រាប់ យ៉ាងព្រៃផ្សៃបំផុត នៅវេលាម៉ោងប្រហែល ២រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្នុងដែនអភិរក្សសហគមន៍ព្រៃប្រាំបីមុម ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមប្រធានសហគមន៍ លោក សឿន ឡាយ បានអះអាងថា ក្រុមជនល្មើស បានព្យាយាមអូសទន្សោងដាក់លើរថយន្ត ប៉ុន្តែមិនបានសម្រេច ដោយសារក្រុមប្រជាការពារព្រៃទៅដល់ទាន់ ហើយជនល្មើស បានបើករថយន្តគេចខ្លួនបាត់ ទើបក្រុមការងារមិនអាចកំណត់អត្តសញ្ញាណបាន។
លោកចាត់ទុក ទង្វើនេះ សាហាវខ្លាំងណាស់ មិនគួរទន្សោងជាសត្វកម្រ ហើយក្រុមការងារយើង ខិតខំការពារទាំងយប់ទាំងថ្ងៃ បែរជាត្រូវគេលបបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុតបែបនេះឡើយ។
សូមជម្រាបជូនថា សហគមន៍ព្រៃប្រាំបីមុម មានផ្ទៃដី ១២២១ហិកតា និងមានទន្សោងប្រមាណ១០០ក្បាល។ ករណីនេះ គឺជាការបាញ់សម្លាប់ទន្សោងលើកដំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។ ទន្សោង ជាសត្វកម្រ និងត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» ដោយ IUCN ហើយកម្ពុជា មានសត្វទន្សោងច្រើនជាងគេលើពិភពលោក និងត្រូវបានប៉ាន់ប្រមាណថា នៅសល់ត្រឹមប្រហែល ១,០០០ក្បាលប៉ុណ្ណោះ។
សកម្មភាពរបស់ក្រុមជនល្មើសនេះ ជាទង្វើសាហាវព្រៃផ្សៃបំផុត ហើយក្នុងនាមជាប្រជាពលរដ្ឋ យើងសង្ឃឹមថា មន្រ្តីពាក់ព័ន្ធ នឹងអាចវែកមុខជនទាំងនេះ យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច