ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំប្រចាំខែកុម្ភៈ របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ÷ នៅរសៀលថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញ និងរឹតបន្តឹងការ អនុវត្តគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតសំខាន់ លើការងារអាទិភាពចំនួន ៣ រួមមាន៖

ការបង្ក្រាបបទល្មើសគ្រឿងញៀន៖ ការពង្រឹងការស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាចែកចាយ និងប្រើប្រាស់ក្នុងមូលដ្ឋាន។

ការលុបបំបាត់ល្បែងស៊ីសង៖ ការត្រួតពិនិត្យ និងចាត់វិធានការច្បាប់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ការទប់ស្កាត់ក្មេងទំនើង៖ ការពង្រឹងសកម្មភាពល្បាត និងអប់រំ ដើម្បីកាត់បន្ថយភាពអនាធិបតេយ្យ និងការបង្កជម្លោះក្នុងសង្គម។

*សមាសភាពចូលរួម

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី៖

លោកអភិបាលរងខណ្ឌ

លោកអធិការនគរបាលខណ្ឌ

លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និង

មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់ទាំង៧ និងលោក លោកស្រីមេភូមិ ទាំងអស់ក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

*ការណែនាំ និងវិធានការរបស់លោកអភិបាល ខណ្ឌ

ក្នុងឱកាសនោះ លោក សក់ ច័ន្ទកញ្ញារិទ្ធ បានដាក់ចេញនូវបទបញ្ជា និងការណែនាំដូចខាងក្រោម៖

ការល្បាតជាប្រចាំ៖ ត្រូវបង្កើនការចុះល្បាតតាមតំបន់ស្មុគស្មាញ និងតំបន់ដាច់ស្រយាល ដើម្បីបង្ការបទល្មើស។

កិច្ចសហការ៖ អាជ្ញាធរសង្កាត់ទាំង៧ ត្រូវសហការជិតស្និទ្ធជាមួយកម្លាំងសមត្ថកិច្ចក្នុងការក្តាប់ព័ត៌មាន និងកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់។

ការអនុវត្តច្បាប់៖ ត្រូវមានវិធានការម៉ឺងម៉ាត់ ច្បាស់លាស់ និងគ្មានការយោគយល់ចំពោះទីតាំងល្បែងស៊ីសង និងករណីគ្រឿងញៀន៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖