ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីម៉ិកស៊ិក ថា «គ្មានហានិភ័យ» សម្រាប់អ្នកគាំទ្រ World Cup 2026

ចែករំលែក៖

ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានប្រកាសពីថ្ងៃអង្គារថា «គ្មានហានិភ័យណាមួយទេ» សម្រាប់អ្នកគាំទ្រដែលមកចូលរួមព្រឹត្តិការណ៍ World Cup 2026 បន្ទាប់ពីមានអំពើហិង្សាផ្ទុះឡើងក្រោយការចាប់ខ្លួន និងការស្លាប់របស់មេក្រុមម៉ាហ្វៀនៅប្រទេសម៉ិកស៊ិក ជាពិសេសនៅរដ្ឋ Jalisco។

លោកស្រីបានបញ្ជាក់ថា «ការធានាសុវត្ថិភាពទាំងអស់» ត្រូវបានរៀបចំរួចរាល់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិធំបំផុតនេះ ដែលរំពឹងថានឹងទាក់ទាញអ្នកគាំទ្រច្រើនពីទូទាំងពិភពលោក មកកាន់ទីក្រុង Mexico City, Monterrey និង Guadalajara (រាជធានីរដ្ឋ Jalisco)។

ក្នុងសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃ លោកស្រីបានមានប្រសាសន៍ថា ស្ថានភាពកំពុងតែត្រឡប់មកធម្មតាវិញ ខណៈកងកម្លាំងសន្តិសុខកំពុងធ្វើការពារសាធារណជន បន្ទាប់ពីអ្នកគាំទ្ររបស់មេម៉ាហ្វៀ Nemesio Oseguera បានបិទផ្លូវ និងដុតឡានក្រុង និងហាងទំនិញជាច្រើនទូទាំងប្រទេស ជាការតបតពីការស្លាប់របស់គាត់ក្នុងប្រតិបត្តិការយោធាកាលពីថ្ងៃអាទិត្យ។

ប្រធាន FIFA លោក Gianni Infantino បានប្រាប់អ្នកសារព័ត៌មានថា លោកមានអារម្មណ៍ «ស្ងប់ស្ងាត់ខ្លាំងណាស់» ចំពោះការដែលម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះការប្រកួតនៅរដូវក្តៅនេះ។ លោកបាននិយាយថា «អ្វីៗទាំងអស់នឹងអស្ចារ្យ»។

អ្នកនាំពាក្យរបស់ FIFA បាននិយាយថា អង្គការនេះកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងទំនាក់ទំនងជាប់ជាមួយអាជ្ញាធរ។

អភិបាលរដ្ឋ Jalisco លោក Pablo Lemus បានបញ្ជាក់ថា រដ្ឋនេះនៅតែចូលរួមព្រឹត្តិការណ៍នេះដដែល ហើយបានអះអាងថា មិនមានគម្រោងណាមួយពី FIFA ក្នុងការដកទីកន្លែងប្រកួតចេញពីម៉ិកស៊ិកឡើយ។

ម៉ិកស៊ិកត្រូវរៀបចំធ្វើម្ចាស់ផ្ទះ 13 ប្រកួត ក្នុងចំណោម 104 ប្រកួតនៃ World Cup។ ក្នុងនោះ 4 ប្រកួតនឹងធ្វើឡើងនៅ Guadalajara។ ប្រទេសនេះក៏នឹងរៀបចំការប្រកួតសម្របសម្រួលមុនការបើកព្រឹត្តិការណ៍ផ្លូវការនៅថ្ងៃទី 11 ខែមិថុនា។

លីគបាល់ទាត់ក្នុងស្រុកមួយចំនួនបានពន្យារពេលការប្រកួតដែលគ្រោងធ្វើកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកក្រុមម៉ាហ្វៀបានរៀបចំអំពើហិង្សាជាបន្តបន្ទាប់ បន្ទាប់ពីប្រតិបត្តិការចាប់ខ្លួន Oseguera ដែលគេស្គាល់ថា «El Mencho»។

លោកស្រី Sheinbaum បានបន្តគោលនយោបាយរបស់អតីតប្រធានាធិបតី Andres Manuel Lopez Obrador ដែលផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងមូលហេតុដើមនៃអំពើហិង្សា ដោយប្រើស្លោក «ឱប តែ មិនមែនគ្រាប់កាំភ្លើង» (hugs not bullets)។

នៅពេលត្រូវបានសួរថា ការសម្លាប់ Oseguera មានន័យថាបំបែកចេញពីគោលនយោបាយនេះឬយ៉ាងណា លោកស្រីបានឆ្លើយថា មិនមែនឡើយ។

លោកស្រីបាននិយាយថា៖

«ការចាប់ខ្លួនជនសង្ស័យដែលមានដីកាចាប់ខ្លួន អាចបង្កឲ្យមានស្ថានភាពបែបនេះ ប៉ុន្តែយើងស្វែងរកសន្តិភាព មិនមែនសង្គ្រាម»។

ក្នុងអតីតកាល ការចាប់ខ្លួនមេក្រុមម៉ាហ្វៀកំពូលៗនៅរដ្ឋ Sinaloa ក៏ធ្លាប់បណ្តាលឲ្យមានការតបត ដូចជា ការបាញ់ប្រហារ និងដុតយានយន្តផងដែរ៕


ចែករំលែក៖