ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ នាវាចម្បាំងនៅតែបន្តឆេះក្រោយ​២៤ម៉ោង គំរាមកំហែងដល់ឃ្លាំងស្ទុកប្រេង​៣,៧លានលីត្រ

ចែករំលែក៖

អន្តរជាតិ៖រយៈពេលជាង​២៤ម៉ោង​កន្លងមក​ ចាប់តាំងពីភ្លើងឆាបឆេះ​នាវាវាយឡើងគោក​USS Bonhomme Richard ក្រុមពន្លត់អគ្គិភ័យនៅតែមិនទាន់អាចគ្រប់គ្រងស្ថានភាពបាននៅឡើយទេ​។
អ្នកនាំពាក្យកងពលប៉ាស៊ីហ្វិករបស់អាមេរិក​បានឲ្យដឹងថា មានមនុស្ស​៥៩នាក់រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ​​ ក្នុងនោះមាននាវិក​៣៦នាក់​និងបុគ្គលិកស៊ីវិល​២៣នាក់​។
លោក Philip Sobeck មេបញ្ជាការ​កងពលលេខ​៣នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា «​អាទិភាពរបស់យើងនាពេលនេះគឺពន្លត់ភ្លើង។ ​យើងបាននៅទីនេះរយៈពេល​២៤ម៉ោងកន្លងមក ហើយនឹងបន្តរហូតដល់គ្រប់គ្រងបានទាំងស្រុង»។
លោក Philip Sobeck បានឲ្យដឹងថា នាវាខូចខាតយ៉ាងខ្លាំង ផ្នែកខាងមុខ​បានបាក់ស្រុតក្រោយភ្លើងឆាបឆេះកាន់តែខ្លាំងឡើង។ មកទល់ពេលនេះមូលហេតុបណ្តាលឲ្យឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ​។ ប៉ុន្តែមានការសង្ស័យថាភ្លើងឆាបឆេះចេញពីបន្ទប់រក្សាសម្ភារជួសជុលនាវា។ ក្នុងពេលភ្លើងឆាបឆេះ ប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិត្រូវបានបិទដើម្បី ជួសជុល​ ។
នៅពេលដំបូងក្រុមនាវិកបានខិតខំពន្លត់ភ្លើងដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏ឆាបឆេះកាន់តែខ្លាំងឡើង​។ លោក​Philip Sobeck បញ្ជាក់ទៀតថា ភ្លើងឆាបឆេះមិនទាន់រាលដាលដល់ទីតាំងស្តុកប្រេង៣,៧លានលីត្ររបស់នាវាUSS Bonhomme នៅឡើយទេ​។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នាវានៅតែបន្តឆាបឆេះជាច្រើនថ្ងៃខាងមុខទៀត​៕ ធី រីណា


ចែករំលែក៖