ខេត្តបាត់ដំបង ៖ បុរសម្នាក់ខណ:ជាប់ពន្ធនាគារ១២ឆ្នាំពីបទសម្លាប់ម្តាយខ្លួនឯងហើយទើបចេញពីគុកសោះឥឡូវប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនាម្តងទៀត ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជាលើកទី២។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ត្រង់ចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងបងថ្លៃ និងប្អូនថ្លៃ។
បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅភូមិកើតហេតុបានឲ្យដឹងថាបុរសជាឃាតកនេះឈ្មោះហៀប យាន ភេទប្រុស អាយុ៤៧ឆ្នាំ(បងថ្លៃ)បានខឹងសម្បានឹងប្អូនថ្លៃឈ្មោះ អ៊ឹង ងួនហាន ភេទប្រុស អាយុ៤១ឆ្នាំ ដែលចេះតែនិយាយផ្លែផ្កាញយដងពេក ទើបធ្វើឲ្យបុរសដែលត្រូវជាបងថ្លៃ ទ្រាំមិនបានក៏សម្រេចចិត្តវាយសម្លាប់តែម្ដង។
តាមការសារភាពពីជនសង្ស័យវិញបាននិយាយថា កន្លងមកប្អូនថ្លៃរូបនេះ(ជនរងគ្រោះ) ធ្លាប់យកចម្ពាមកៅស៊ូបាញ់ចំក្បាលខ្លួនម្តងរួចមកហើយ ព្រមទាំងបាននិយាយផ្លែផ្កាឲ្យខ្លួនជាច្រើនដងទៀត ព្រោះកន្លងមកខ្លួនធ្លាប់ជាប់គុករយៈពេល១២ឆ្នាំម្តងរួចមកហើយ ពាក់ព័ន្ធនឹងការសម្លាប់ម្តាយរបស់ខ្លួនឯង។ លុះនៅថ្ងៃកើតហេតុ(ក្រោយចេញពីពន្ធនាគារយូរខែ)ដោយសារទ្រាំមិនបាននឹងការប្រមាថមើលងាយពីប្អូនថ្លៃខ្លួន ក៏បានដើរទៅផឹកស្រា រួចមានបំណងទៅវាយប្អូនថ្លៃ ទើបខ្លួនបានយកដំបងជ្រុងប្រវែងជិត១ម៉ែត្រ វាយទៅលើប្អូនថ្លៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្ដង។
ក្រោយកើតហេតុភ្លាមកម្លាំងជំនាញបានទៅចាប់ជនដៃដល់រូបនេះដល់កន្លែងកើតហេតុនិងបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ ឲ្យជាប់ពន្ធនាគារជាលើកទី២៕ដោយ៖ប្រាថ្នា