ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនចោរ២នាក់ ទៅតុលាការ ក្រោយលួចទូដែករបស់ក្រុមហ៊ុនចិន ហ៊ួយវ័ន មានប្រាក់ជិតមួយលានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចទូដែករបស់ក្រុមហ៊ុនចិន ហ៊ួយវ័ន មានប្រាក់ជិតមួយលានដុល្លារ ទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យដែលកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការរួមមាន ៖ទី១ឈ្មោះឈុន វិសិទ្ធ ហៅខេខេ អាយុ៣២ឆ្នាំ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះលេខ ១៤៣ ផ្លូវលេខ២៥៣ ភូមិ៣ សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ និងទី២ឈ្មោះ សុខហេង ហៅហៀ អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៩ផ្លូវលេខ ១៦៨សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០។ ចំណែកជនរងគ្រោះឈ្មោះ xia guanguo ជនជាតិចិនអាយុ៥១ឆ្នាំ ជានាយកក្រុមហ៊ុនហ៊ួយវ័ន ស្នាក់នៅខុនដូ ស៊ីធីស្តា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

មន្រ្តីដដែលបន្តថា ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែកក្កដាថ្មីៗនេះថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពលួចឆ្កឹះសោចូលក្នុងបន្ទប់ធ្វើការ។ រួចឆ្កឹះសោទូដែកលួចយកប្រាក់របស់ក្រុមហ៊ុនហ៊ួយវ័ន ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបរតនាផ្លាហ្សា ទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អស់ប្រាក់ចំនួន ៩៤៤ ៣២៩ដុល្លារអាមេរិក ហើយនាំគ្នាគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាងជាក់ស្តែងផងដែរ

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចដកហូតប្រាក់មកវិញបានចំនួន ៥៣២ ៦០០ ដុល្លារ។ ដែលប្រាក់ទាំងនេះ ត្រូវបានសមត្ថកិច្ច និងអយ្យការអមតុលាការបានប្រគល់ជូនក្រុមហ៊ុនវិញ កាលពីថ្ងៃទី១៤កក្កដានេះ ចំណែកប្រាក់ជាង៤០ម៉ឺនដុល្លារទៀត ត្រូវបានជនសង្ស័យឆ្លើយសារភាពថា ពួកគេយកទៅស៊ីចាយ លេងល្បែងចាញ់អស់ហើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ ដើម្បីចោទប្រកាន់ទៅតាមនីតិវិធី ៕ដោយ៖ស តារា


ចែករំលែក៖